[WDC101] មេរៀន​ទី២៖ លក្ខណៈ​ទូទៅ​នៃ​វេបសាយ​មួយ

មាតិកា​មេរៀន

 

កាលពី​សប្ដាហ៍​មុន យើង​បាន​ជជែក​អំពី​ទំព័រ​ឥត​ប្រែប្រួល, ទំព័រ​ឌីណាមិក, server-side, client-side។ល។ នៅ​មេរៀន​ក្នុង​សប្ដាហ៍​នេះ យើង​នឹង​និយាយ​អំពី​លក្ខណៈ​ទូទៅ​នៃ​វេបសាយ​មួយ។

ហេតុ​អ្វី​បាន​ជា​យើង​ត្រូវ​ដឹង​អំពី​វា? ឲ្យ​ខ្ញុំ​សាកល្បង​ពន្យល់​បែប​នេះ។ ទោះបីជា​យើង​ធ្វើ​វេបសាយ​បែប​ណា​ក្ដី ក៏​វា​ត្រូវ​មាន​លក្ខណៈ​រួម​មួយ​ដែល​មិន​អាច​ចៀស​បាន ទោះបី​លក្ខណៈ​នោះ​ត្រូវបាន​លើក​យក​មក​រៀបចំ​ទៅ​តាម​សណ្ឋាន​ខុសៗ​គ្នា​ម្ដេច​ក្ដី។ វា​ក៏​មិន​ខុស​អី​ពី​មនុស្ស​យើង​ដែរ។ បើ​គេ​សួរ​យើង​ថា ចូរ​រក​លក្ខណៈ​រួម​របស់​មនុស្ស? នោះ​យើង​នឹង​ឆ្លើយ​ថា មាន​ក្បាល ដៃ ជើង ដងខ្លួន និង​អវៈយវៈ​លម្អិត​ដទៃ​ទៀត​ដូចជា​ច្រមុះ ភ្នែក សក់ អណ្ដាត។ល។ ប៉ុន្តែ​ការ​បង្ហាញ​នៃ​អវៈយវៈ​ទាំងអស់​នោះ វា​អាច​មាន​សណ្ឋាន​ខុសៗ​គ្នា។ មាន​អ្នក​ខ្លះ​ក្បាល​ស្រួច ដៃ​ខ្លី ជើងធំៗ មាឌ​ធាត់ ច្រមុះ​ស្រួច សក់​ពណ៌​ត្នោត អណ្ដាត​ទាល។ល។ គឺ​វា​យ៉ាង​ដូច្នេះ​ឯង។

ឥឡូវ​យើង​ត្រឡប់​មក​និយាយ​អំពី​មេរៀន​វិញ ដូច​ខ្ញុំ​បាន​ពន្យល់​ពី​ខាង​លើ​មក​ហើយ​ថា ការ​រចនា​វេបសាយ​វា​នៅ​តែ​មាន​លក្ខណៈ​ទូទៅ (ឬ​លក្ខណៈ​រួម) ដែល​មិន​អាច​ចៀស​បាន ប៉ុន្តែ​ការ​លើក​យក​មក​បង្ហាញ​អាច​មាន​សណ្ឋាន​ខុសៗ​គ្នា ហើយ​វា​ខុស​បន្តិច​ពី​ឧទាហរណ៍​អំពី​អវៈយវៈ​ត្រង់​ថា​វា​អាច​មាន​ការ​ថែម​ថយ​ទៅ​តាម​តម្រូវការ ឬ​ទៅ​តាម​ការ​ពេញ​ចិត្ត​របស់​អតិថិជន។

និយាយ​យ៉ាង​ខ្លី​ទៅ​ចុះ លក្ខណៈ​ទូទៅ (ឬ​លក្ខណៈ​រួម) នៃ​វេបសាយ​មួយ​មាន៖

  • ក្បាល (ផ្នែក​លើ)
  • ខ្លួន (ផ្នែក​មាតិកា ឬ ផ្នែក​កណ្ដាល)
  • ចំហៀង (ផ្នែក​ដែល​ស្ថិត​នៅ​ឆ្វេង​ឬ​ស្ដាំ, ជា​ដៃ?)
  • ជើង (ផ្នែក​ក្រោម)

ការ​បែងចែក​ផ្នែក​ទំព័រ

ពី​ត្រង់​នេះ​ទៅ យើង​នឹង​ជជែក​អំពី​ការ​បែងចែក​ផ្នែក​នៃ​ទំព័រ​ដោយ​ផ្អែក​លើ​លក្ខណៈ​រួម​ដែល​ខ្ញុំ​បាន​និយាយ​ពី​ខាង​លើ។

ចំណាំ៖ អ្វី​ដែល​ខ្ញុំ​និយាយ​នៅ​ក្នុង​មេរៀន​នេះ គឺ​ផ្អែក​ទៅ​លើ​បទពិសោធន៍​ផ្ទាល់​ខ្លួន លក្ខណៈ​ទូទៅ​ដែល​គេ​រៀបរាប់​ក្នុង​ឯកសារ​កន្លង​មក​ដែល​ខ្ញុំ​បាន​អាន និង​ផ្អែក​លើ​ការ​វិភាគ​ដោយ​ខ្លួនឯង​ទៅ​លើ​វេបសាយ​មួយ​ចំនួន​ដែល​ខ្ញុំ​បាន​ចូល​មើល។ ចាំ​ក្នុង​ចិត្ត​ថា សមាសភាគ​ដែល​ស្ថិត​នៅ​ក្នុង​ផ្នែក​នីមួយៗ វា​អាច​ខុសៗ​គ្នា​ពី​ប្រភេទ​វេបសាយ​មួយ​ទៅ​មួយ​ទៀត។

ប្លង់​គោល
យើង​នឹង​យក​ប្លង់​មួយ​នេះ​ជា​គម្រូ​ក្នុង​ការ​ជជែក​អំពី​ផ្នែក​នីមួយៗ។

ផ្នែក​លើ (Header)

Header Highligh

នៅ​ត្រង់​ផ្នែក​ក្បាល​នេះ ជា​កន្លែង​សម្រាប់​បង្ហាញ​ឲ្យ​ឃើញ​អំពី​រឿង​សំខាន់​ពីរ៖

  • អត្តសញ្ញាណ​នៃ​វេបសាយ (ឡូហ្គោ, ឈ្មោះ, …)
  • ការ​នាំទិស (ម៉ឺនុយ, ការស្វែងរក, …)

ហើយ​ជាទូទៅ​គឺ​វា​ត្រូវ​មាន​របស់​ពីរ​ហ្នឹង​ស្ទើរ​តែ​មិនដែល​បាត់​ម្ដង​ណា​សោះ។ គេ​អាច​បន្ថែម​សមាសភាគ​ផ្សេង​ទៀត​ដូចជា៖ ការ​ផ្សាយ​ពាណិជ្ជកម្ម, រូបភាព​ផ្សេងៗ, ប៊ូតុង​បណ្ដាញ​សង្គម។ល។ ចំណែក​ម៉ឺនុយ​ដែល​ស្ថិត​នៅ​ក្នុង “ការ​នាំទិស” វា​អាច​មាន​ច្រើន​ប្រភេទ​ទៅ​តាម​ការ​កំណត់ ដូចជា​ម៉ឺនុយ​សម្រាប់​ទំព័រ​ទូទៅ, ម៉ឺនុយ​អត្តសញ្ញាណ (អំពី​យើង, ទាក់ទង​យើង, …), ម៉ឺនុយ​សម្រាប់​ចូល​គណនី​និង​ចុះឈ្មោះ។ល។

ទម្រង់​នៃ​ការ​រចនា​ផ្នែក​ក្បាល

ការ​រៀបចំ​ផ្នែក​ក្បាល​នេះ ក៏​វា​អាស្រ័យ​ទៅ​តាម​អ្នក​ធ្វើ​នីមួយៗ ដូច​ដែល​ខ្ញុំ​បាន​និយាយ​សង្កត់​ពី​ខាង​លើ​មក។ ទម្រង់​នៅ​ខាង​ក្រោម​ទាំង​អម្បាល​គឺ​ជា​សណ្ឋាន​ទូទៅ​ដែល​គេ​តែងតែ​ប្រើប្រាស់​ជា​គោល ដើម្បី​ទៅ​រក​ការ​រៀបចំ​ដែល​ពោរពេញ​ទៅ​ដោយ​ការ​ច្នៃប្រឌិត​ដទៃ​ទៀត។

Header 1

Header 2

Header 3

Header 4

មាតិកា (Main Content)

Content Highlight

ផ្នែក​មាតិកា ឬ Main Content ផ្ដោត​ជា​សំខាន់​លើ​ព័ត៌មាន​ចម្បង​ដែល​អ្នក​ចង់​បង្ហាញ​ទៅ​ឲ្យ​អ្នក​អាន អាច​មាន៖

  • រូបភាព​ស្លាយ
  • បញ្ជី​អត្ថបទ​ថ្មីៗ
  • ខ្លឹមសារ​ឬ​អត្ថបទ​លេចធ្លោ (អត្ថបទ​ដែល​គេ​ចូល​មើល​ច្រើន, ការ​ផ្សាយ​ពាណិជ្ជកម្ម, ព័ត៌មាន​សំខាន់ៗ)
  • ការ​ទាញ​អារម្មណ៍​អ្នក​អាន (ការ​ចុះឈ្មោះ​តាមដាន​ព័ត៌មាន​ថ្មីៗ, សំណូមពរ​ធ្វើ​វិភាគទាន, សម្រង់​សម្ដី​របស់​អតិថិជន​ចំពោះ​សេវាកម្ម, សេវាកម្ម​ថ្មីៗ, …)
  • និង​ចំណុច​ផ្សេងៗ​ជាច្រើន​ទៀត តម្រូវ​ទៅ​តាម​គោលដៅ​របស់​វេបសាយ​ឬ​ស្ថាប័ន។

ការ​រចនា​ដ៏​សាមញ្ញ​មួយ​ចំពោះ​ផ្នែក​មាតិកា៖

Content Sample

ចំហៀង (Sidebar)

Sidebar Highlight

ផ្នែក​ចំហៀង​ប្រើ​សម្រាប់​បង្ហាញ​ព័ត៌មាន​មួយ​ចំនួន​ដែល​គួរតែ​មាន​វត្តមាន​នៅ​តាម​បណ្ដា​ទំព័រ​នានា៖

  • បញ្ជី​អត្ថបទ​ឬ​ព័ត៌មាន​ថ្មីៗ
  • ការ​ផ្សាយ​ពាណិជ្ជកម្ម
  • រូបភាព​ស្លាយ​មួយ​ចំនួន
  • ព័ត៌មាន​លេចធ្លោ​ដែល​គួរ​ឃើញ​នៅ​គ្រប់​ទំព័រ

វា​អាច​មាន​អ្វី​ប្លែក​ផ្សេង​ពី​នេះ​ទៀត​ទៅ​តាម​ការ​ចូលចិត្ត​និង​តម្រូវការ​របស់​អ្នក។

ឧទាហរណ៍​នៃ​ផ្នែក​ចំហៀង៖

Sidebar Sample

ផ្នែក​ក្រោម (Footer)

Footer Highlight

សម្រាប់​ផ្នែក​ក្រោម​នេះ​វិញ ជាទូទៅ​យើង​អាច​ឃើញ​គេ​ប្រើ​ព័ត៌មាន​ខុសៗ​គ្នា ហើយ​ក្នុង​នោះ​មាន​ដូចជា៖

  • បញ្ជី​ម៉ឺនុយ​នាំទិស៖ ប្រសិនបើ​ម៉ឺនុយ​នៅ​ខាង​លើ​មាន​បញ្ជី​ធ្លាក់ (dropdown) គេ​នឹង​បង្ហាញ​ក្នុង​ភាព​ស្មើ​តែ​ម្ដង គឺ​រាយ​បង្ហាញ​ទាំងអស់ ដោយ​គ្មាន​បាច់​ត្រូវ​ប្រើ​បញ្ជី​ធ្លាក់​ទៀត​នោះ​ទេ។
  • ព័ត៌មាន​អំពី​សិទ្ធិ​ប្រើប្រាស់​មាតិកា និង​ការ​រក្សាសិទ្ធិ​មាតិកា។
  • ព័ត៌មាន​ទាក់ទង, អាសយដ្ឋាន, ផែនទី។ល។

 

ខ្ញុំ​នឹង​រៀបចំ​ផ្នែក​ក្រោម​នេះ​យ៉ាង​សាមញ្ញ​ដូច្នេះ៖

Footer Sample

ផ្គុំ​ចូលគ្នា

ឥឡូវ​យើង​សាក​ផ្គុំ​ផ្នែក​ទាំង​បួន​នេះ​ចូល​គ្នា តើ​យើង​នឹង​បាន​លទ្ធផល​យ៉ាង​ដូចម្ដេច​ដែរ?

Fullsite

ទែនៗ តែ​ប៉ុណ្ណេះ​យើង​បាន​រូបរាង​វេបសាយ​យ៉ាង​ធម្មតា​មួយ​ស្រេច!

នេះ​គ្រាន់តែ​ជា​ការ​បង្ហាញ​ដ៏​ត្រួសៗ​អំពី​ផ្នែក​នីមួយៗ ឬ​អាច​ថា​ជា​ការណ៍​ដែល​ខ្ញុំ​ផ្ដល់​គំនិត​គោលៗ​សម្រាប់​អ្នក​ទាំងអស់​គ្នា ទុក​ធ្វើ​ជា​ទុន​ពង្រីក​ទៅ​ថ្ងៃ​ក្រោយ​ទៀត។ ចងចាំ​ថា ការ​រចនា​វេបសាយ តែងតែ​មាន​ភាព​ខុស​ប្លែក​គ្នា​ពី​មួយៗ​ទៅ ទោះបី​មាន​ការ​ប្រើប្រាស់​ផ្នែក​ទាំង​បួន​ដូច​គ្នា​មែន ក៏​សមាសភាគ​នៅ​ក្នុង​នោះ​មាន​លក្ខណៈ​ខុស​គ្នា​ដែរ ពីព្រោះ​ថា​យើង​ត្រូវ​ធ្វើ​ឲ្យ​ស្រប​ទៅ​តាម​កាលៈទេសៈ ប្រភេទ និង​ការ​ពេញចិត្ត​ឬ​គំនិត​របស់​ភ្ញៀវ។

ការ​ជ្រើសរើស​ទំហំ​សមស្រប

មុន​ពេល​កម្រើក​ចុង​ម្រាម​ចុច​សរសេរ​កូដ​ឬ​រចនា​រូបរាង​វេបសា​មួយ ចំណុច​មួយ​ក្នុង​ចំណោម​ចំណុច​ដំបូងៗ​ដែល​យើង​ត្រូវ​គិត​នោះ​គឺ «ការ​ជ្រើសរើស​ទំហំ​សមស្រប» មួយ។ ហេតុអ្វី? បើ​ប្រើ​ឧទាហរណ៍​ថា មុន​ពេល​យើង​កាត់​ខោអាវ យើង​ត្រូវតែ​វាស់​រាងរៅ​របស់​ភ្ញៀវ សួរ​ចិត្ត​ភ្ញៀវ ប្រើ​គំនិត​ច្នៃប្រឌិត​ដើម្បី​បំប្លែង​គំនិត​របស់​ភ្ញៀវ​ឲ្យ​ទៅ​ម៉ូត​ខោអាវ​ដែល​គេ​ពេញចិត្ត និង​ផ្ដល់​សេចក្ដី​ណែនាំ​ទៅ​ឲ្យ​ភ្ញៀវ​វិញ​ប្រសិនបើ​អ្នក​គិត​ថា​វិធី​ណាមួយ​ល្អ​សម្រាប់​ពួកគេ។ ទំហំ​វេបសាយ​នេះ​ក៏​អ៊ីចឹង​ដែរ។

ការ​ជ្រើសរើស​ទំហំ​របស់​វេបសាយ (ផ្ដោត​សំខាន់​លើ​ប្រវែង​កាត់​ទទឹង – width) ហើយ​ការ​សម្រេច​ចិត្ត ត្រូវ​ជាប់​ទាក់ទង​នឹង​អត្តសញ្ញាណ​ឬ​ប្រភេទ​នៃ​វេបសាយ​មួយ​នោះ។ ពោល​គឺ​មិនមែន​គ្រប់​វេបសាយ​សុទ្ធ​តែត្រូវ​មាន​ទំហំ​ដូចៗ​គ្នា​នោះ​ទេ ហើយ​ទំហំ​នោះ​ទៀត​សោត​ក៏​ត្រូវតែ​សមស្រប​ទៅ​កាលៈទេសៈ។

នៅ​ត្រង់​នេះ ខ្ញុំ​នឹង​និយាយ​ដោយ​ខ្លី​អំពី​ទំហំ​មួយ​ចំនួន​ដែល​គេ​តែងតែ​និយម​ប្រើ៖

  • 960px – 980px៖ ជា​ទំហំ​មួយ​ដែល​សមល្មម (បំផុត) សម្រាប់​អេក្រង់​ដែល​មាន​គុណភាព​បង្ហាញ (screen resolution) ចាប់ពី​ប្រវែង​កាត់​ទទឹង 1024px ឡើង​ទៅ។
  • 1024px – 1200px៖ ប្រសិនបើ​យើង​និយាយ​អំពី​បរិបទ​បច្ចុប្បន្ន ដោយ​ផ្អែក​លើ​​ស្ថិតិ​ពី​វេបសាយ​មួយ​ចំនួន (ដូចជា៖ http://www.w3schools.com/browsers/browsers_display.asp) យើង​នឹង​ឃើញ​ថា​អេក្រង់​ដែល​មាន​គុណភាព​បង្ហាញ 1366px × 768px ត្រូវ​គេ​ប្រើ​ច្រើន​ជាង​គេ។ ដូច្នេះ​ហើយ ទំហំ​ពី 1024px – 1200px ជា​ទំហំ​សមស្រប​សម្រាប់​អេក្រង់​ទំហំ​នេះ​ឬ​ធំ​ជាង​នេះ។
  • លើស​ពី​នេះ? វា​ជា​ការ​សម្រេច​របស់​អ្នក តែ​បើ​ផ្អែក​លើ​បទពិសោធន៍​អ្នក​ប្រើប្រាស់ គេ​កម្រ​នឹង​ធ្វើ​វេបសាយ​ណា​ដែល​មាន​ទំហំ​ធំ​ពេក​ណាស់ ពីព្រោះ​វា​ធ្វើ​ឲ្យ​ភ្នែក​របស់​អ្នក​មើល​វេបសាយ​នោះ​ឆាប់មាន​ភាព​ហត់នឿយ ហើយ​អាច​ធ្វើ​ឲ្យ​មាន​ការ​ភ័ន្ត​ច្រឡំ​នៅ​ត្រង់​ចំណុច​មួយ​ចំនួន។

ការ​រចនា​បែប Responsive

តើ​រចនា​តែ​មួយ​បែប​ហើយ ពិត​ជា​អាច​ប្រើ​បាន​មែន​ទេ? តើ​ទ្រង់ទ្រាយ​វេបសាយ​នោះ​បង្ហាញ​យ៉ាង​ដូចម្ដេច​ចំពោះ​អេក្រង់​ឧបករណ៍​ផ្សេងៗ​ទៀត (ទូរស័ព្ទ, ថាប្លិត, …)? សាក​បង្រួម​ទំហំ​វីនដូ​របស់​ប្រោវស័រ ចំពោះ​វេបសាយ​មួយ​ចំនួន​វា​នឹង​មាន​ការ​បង្ហាញ​សណ្ឋាន​ផ្សេង​ក្នុង​ពេល​ផ្ទៃ​បង្ហាញ​មាន​ទំហំ​តូច។

មិនបាច់​សាក​នឹង​វេបសាយ​ខ្ញុំ​ទេ ពីព្រោះ​វេបសាយ​ខ្ញុំ​ស្ទើរតែ​គ្មាន​ត្រង់ណា​ដែល​ត្រូវ​ប្ដូរ​សណ្ឋាន​ពេល​អេក្រង់​រួមតូច។ ប្រសិនបើ​មិន​ចង់​បង្រួម​ទំហំ​វីនដូ​របស់​ប្រោវស័រ​ទេ អ្នក​អាច​សាកល្បង​នៅ​ក្នុង​វេបសាយ​នេះ​បាន៖ http://responsivetest.net

សង្ឃឹម​ថា​អ្នក​ទទួល​បាន​គំនិត​ខ្លះៗ​អំពី​គោលការណ៍​រចនា​មួយ​នេះ។


រូបភាព

គម្រោង​ស៊េរី​មេរៀន​អំពី​ការ​អភិវឌ្ឍ​វេប

វេប (Web) បច្ចុប្បន្ន​ជា​ទីកន្លែង​មួយ​សម្រាប់​តភ្ជាប់​មនុស្ស​ពី​គ្រប់​មជ្ឈដ្ឋាន ឲ្យ​អាច​ទាក់ទង​គ្នា​បាន​យ៉ាង​ងាយស្រួល ដោយ​អភិវឌ្ឍ​កម្មវិធី​វេប​តែ​មួយ​លើក​ប៉ុណ្ណោះ។ ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​នៅ​កម្ពុជា វេប​ក៏​បាន​ក្លាយ​ជា​ទី​ចាប់អារម្មណ៍​របស់​និស្សិត​ព័ត៌មានវិទ្យា​ស្ទើរតែ​គ្រប់ៗ​គ្នា។ មាន​សៀវភៅ​មួយ​ចំនួន​​បាន​បោះពុម្ព​ជា​ភាសាខ្មែរ​និយាយ​អំពី​ការ​អភិវឌ្ឍ​វេប ប៉ុន្តែ​ក៏​មិន​ទាន់​អាច​ថា​សម្បូរ​និង​គ្រប់គ្រាន់​នោះ​ទៅ បើ​តាម​ការ​គិត​របស់​ខ្ញុំ។ ដូច្នេះ​ហើយ ដើម្បី​រួម​ចំណែក និង​ដោយ​ក្ដី​ពេញ​ចិត្ត​ក្នុង​ការ​ចែករំលែក​ចំណេះ​ដឹង ខ្ញុំ​ក៏​រៀបចំ​គម្រោង​មួយ​នេះ​ឡើង។

បញ្ហា & ការ​យល់ឃើញ

ការ​រៀន​ធ្វើ​វេប​ជា​លើក​ដំបូង (កាលបើ​មិន​ចេះ​សោះ) បើ​មើល​តែ​សៀវភៅ វា​ហាក់​មាន​ការ​លំបាក ពីព្រោះ​វា​ត្រូវការ​មាន​ឧទាហរណ៍​ជាកូដ​ផង និង​ជា​ឧទាហរណ៍​ជា​រូបរាប​ជាក់ស្ដែង​ផង ដែល​វា​ប្រសើរ​ជាង​ឃើញ​ត្រឹម​រូបភាព​ផ្ដិត​នៅ​លើ​ក្រដាស​សៀវភៅ។ ដោយ​មើល​ឃើញ​បញ្ហា​មួយ​នេះ​ហើយ ទើប​ខ្ញុំ​សម្រេច​ចិត្ត​រៀបចំ​ជា​ស៊េរី​មេរៀន​ជា​មូលដ្ឋាន​សម្រាប់​អ្នក​ចង់​រៀន​ធ្វើ​វេប ឲ្យ​បាន​យល់​ច្បាស់​អំពី​រឿង​សំខាន់​នានា ដើម្បី​ជា​ទុន​សម្រាប់​ការ​រៀន​ទៅ​កម្រិត​ខ្ពស់ៗ​បន្ត​ទៀត។

ក្រៅពី​ចំណុច​មួយ​នេះ ខ្ញុំ​ធ្លាប់​ត្រូវ​សិស្ស​ប្អូន​និង​មិត្តភក្ដិ​មួយ​ចំនួន​សួរ​យោបល់​អំពី​ការ​អភិវឌ្ឍ​វេប។ ដោយ​ខ្ញុំ​មិនមាន​ឯកសារ​ជា​ភាសាខ្មែរ​សម្រាប់​ពួកគេ ខ្ញុំ​មានតែ​ដាច់​ចិត្ត​រក​ជា​ភាសាអង់គ្លេស។ ក៏ប៉ុន្តែ​អ្នក​អាច​នឹង​ដឹង​ថា ភាសា​នៅ​ក្នុង​មុខ​ជំនាញ​នីមួយៗ វា​តែងតែ​ខុស​គ្នា ហើយ​កម្រិត​នៃ​ការ​ចេះ​ភាសាអង់គ្លេស ក៏​មិនមែន​គ្រប់គ្នា​សុទ្ធតែ​ចេះ​ខ្លាំង​ដែរ។ អ៊ីចឹង​ហើយ ទើប​ខ្ញុំ​សន្សំ​ចិត្ត​ថា​នឹង​រៀបចំ​ឯកសារ​ជា​ភាសាខ្មែរ​នេះ​ឡើង ជាពិសេស​នោះ​គឺ​ការ​ពង្រឹង​មូលដ្ឋានគ្រឹះ​ឲ្យ​បាន​រឹងមាំ។

តាមរយៈ​បទពិសោធ​បីបួន​ឆ្នាំ​នៅ​ក្នុង​ជំនាញ​អភិវឌ្ឍ​វេប ខ្ញុំ​គិត​ថា​ខ្ញុំ​គួរ​តែ​ចែករំលែក​វា​នៅ​លើ​អ៊ីនធឺណិត (ជា​ភាសាខ្មែរ) ព្រោះ​វា​ងាយ​ចូល​មើល និង​ទុក​ជា​ឯកសារ​ទៅ​ថ្ងៃ​ក្រោយ​សម្រាប់​អ្នក​ដែល​ចង់​សិក្សា​អំពី​ការ​អភិវឌ្ឍ​វេប។ ហេតុ​ដូច្នេះ​ហើយ​ទើប​ខ្ញុំ​រៀបចំ​គម្រោង​ស៊េរី​មេរៀន​នេះ​ឡើង។ គោលបំណង​ធំ​នៅ​ក្នុង​ស៊េរី​មេរៀន​នេះ មិនមែន​ត្រឹមតែ​ឲ្យ​អ្នក​ចេះ​ធ្វើ​វេបសាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ខ្ញុំ​ក៏​នឹង​បង្ហាញ​គន្លឹះ និង​តិកណិក​ផ្សេងៗ​ទៀត ឲ្យ​អ្នក​ក្លាយ​ទៅ​ជា​អ្នក​អភិវឌ្ឍ​វេប​ម្នាក់​ដែល​លម្អិត​ទៅ​លើ​ចំណុច​សំខាន់ៗ ដើម្បី​អាច​អភិវឌ្ឍ​វេបសាយ​ទៅ​ក្នុង​កម្រិត​មួយ​ដែល​គេ​អាច​ទទួល​ស្គាល់​បាន។ អូ៎! ខ្ញុំ​ក៏​មិនមែន​ជា​អ្នក​ជំនាញ​អី​ដែរ។ 😉

ការ​រៀន & មាតិកា

ស៊េរី​មេរៀន​នេះ​ត្រូវ​រៀបចំ​ឡើង​សម្រាប់​អ្នក​មិន​ចេះ​សោះ ឬ​ក៏​ចេះ​ខ្លះៗ​ពី​មុន​ហើយ។ មេរៀន​នីមួយៗ​នឹង​មាន​ឧទាហរណ៍​ជាក់ស្ដែង​ជា​កូដ​និង​ជា​លទ្ធផល​ផ្ទាល់ ដែល​អ្នក​រៀន​អាច​យក​ទុក​ជា​ឯកសារ​ទៅ​ពេល​ក្រោយ និង​សម្រាប់​មើល​ជា​សេចក្ដី​យោង។

សរុប​មេរៀន​អាច​មាន​លើស​ពី​៩​មេរៀន (មិន​អាច​ប្រាប់​ប្រាកដ​បាន ព្រោះ​ខ្ញុំ​ធ្វើ​បណ្ដើរ និង​គិត​រក​អ្វី​ថ្មីៗ​បណ្ដើរៗ)។ មេរៀន​ទាំងនេះ​នឹង​ពិភាក្សា​លើ​ចំណុច​សំខាន់ៗ រួម​ទាំង​រឿង​តូចៗ​ដទៃ​ទៀត​ដែល​អ្នក​មិន​គួរ​មើល​រំលង។

  1. ការ​ណែនាំ​អំពី​ការ​អភិវឌ្ឍ​វេប (Web Development)
  2. ចំណុច​មួយ​ចំនួន​ដែល​គួរ​យក​ចិត្ត​ទុកដាក់
  3. លក្ខណៈ​ទូទៅ​នៃ​វេបសាយ​មួយ
  4. ការណែនាំ HTML
  5. ការណែនាំ CSS
  6. ការណែនាំ JavaScript
  7. ត្រួសៗ​អំពី Server-side Scripting Language
  8. ឯកសារ​ពិគ្រោះ​ដទៃ​ទៀត
  9. អនុវត្តន៍៖ បង្កើត​វេបសាយ​អង្គការ​ការពារ​ធម្មជាតិ

ស៊េរី​មេរៀន​នេះ​ផ្ដោត​សំខាន់​លើ​មូលដ្ឋានគ្រឹះ លើ​ផ្នែក​ដំបូង​របស់​វេប (HTML, CSS, JavaScript)។

កាលបរិច្ឆេទ​ផ្សាយ

ដោយ​សារ​តែ​ខ្ញុំ​មមាញឹក​នឹង​កិច្ចការ​សាលា​ផង​និង​ការងារ​ផង ខ្ញុំ​នឹង​មិន​អាច​ចេញ​ផ្សាយ​អត្ថបទ​បាន​ជាប់ៗ​គ្នា​នោះ​ទេ។ ដូច្នេះ​ហើយ ខ្ញុំ​នឹង​ផ្សាយ​មេរៀន​ថ្មីៗ​នៅ​រៀងរាល់​មួយ​សប្ដាហ៍​ម្ដង។ ហើយ​មេរៀន​ខ្លះ​ក៏​នឹង​ត្រូវ​បំបែក​ចេញ​ជា​ភាគៗ។ ខ្ញុំ​នឹង​ចាប់ផ្ដើម​ផ្សាយ​អត្ថបទ​ចាប់​ពី​ពាក់​កណ្ដាល​ខែ​ឧសភា។

តម្រូវការ​ជាមុន

  • មិន​ទាន់​ចេះ​វេប តែ​ចេះ​សរសេរ​កូដ​ខ្លះ​ហើយ
  • ធ្លាប់​បាន​ដឹង​ខ្លះៗ​អំពី​ការ​អភិវឌ្ឍ​វេប
  • មាន​ចិត្ត​ចង់ចេះ​ចង់​ដឹង 🙂

សេចក្ដី​បញ្ចប់

ខ្ញុំ​រំពឹង​ថា​គម្រោង​ស៊េរី​មេរៀន​នេះ នឹង​ក្លាយ​ទៅ​ជា​ឯកសារ​តូច​មួយ​សម្រាប់​អ្នក​ដែល​ចង់​អភិវឌ្ឍ​ខ្លួន​នៅ​ក្នុង​ជំនាញ​វេប ហើយ​ខ្ញុំ​ក៏​រំពឹង​ថា​មេរៀន​អស់​ទាំងនេះ​នឹង​ជួយ​អ្នក​ទាំងអស់​គ្នា​លើស​ពី​ត្រឹមតែ​ចេះ​សរសេរ​កូដ

ប្រសិនបើ​ខ្ញុំ​សរសេរ​ទៅ​មាន​កំហុស​ត្រង់ណា​មួយ​នោះ សូម​អ្នក​ទាំងអស់គ្នា​បញ្ចេញ​មតិ​យោបល់​នៅ​ក្នុង​មេរៀន​នោះ។ ខ្ញុំ​ទទួល​យក​គ្រប់​មតិ​កែលម្អ​ទាំងអស់។ 🙂