ការប្រមូលទិន្នន័យគឺជាកិច្ចការមួយដែលមានសារសំខាន់បំផុតនៅក្នុងស្ថាប័ន ឬក៏ក្រុមហ៊ុននានា។ វាអាចឲ្យគេដឹងអំពីព័ត៌មាន ស្ថានភាព ស្ថិតិ នៅពេលបច្ចុប្បន្ន ឬក៏ប្រមើមើលទៅពេលអនាគតបានថែមទៀតផង ដែលអាចឲ្យគេធ្វើការងារបានងាយស្រួលនិងចំគោលដៅ។
ជាទម្លាប់ចាស់ ការប្រមូលទិន្នន័យត្រូវបានធ្វើឡើងតាមរយៈក្រដាសនិងប៊ិក។ បន្ទាប់មក គេប្រមូលទិន្នន័យពីក្រដាសទាំងអស់នោះទៅបញ្ចូលក្នុងកុំព្យូទ័រ ឬក៏វិធីសាស្ត្រគណនាដទៃទៀត។ ប៉ុន្តែការប្រមូលទិន្នន័យបែបនេះ វាអាចនឹងផ្ដល់ផលលំបាក ប្រសិនបើស្ថាប័ននោះត្រូវប្រមូលនៅច្រើនកន្លែង (ឧ. មួយពាន់កន្លែង) ។ ការវាយបញ្ចូលទិន្នន័យទៅក្នុងកុំព្យូទ័រ ឬក៏ការគណនាតាមវិធីសាស្ត្រនានាដោយដៃនឹងលែងជាមធ្យោបាយប្រសើរទៀតហើយ។ ដូច្នេះអ្វីទៅដែលជាមធ្យោបាយដ៏ប្រសើរជាងនេះនោះ? គឺប្រើប្រាស់បច្ចេកវិទ្យា។
បច្ចុប្បន្ននេះ ទូរសព្ទ ឬថាប្លិត (Tablet) ក្លាយជារបស់ប្រើប្រាស់ប្រចាំថ្ងៃ និងជួយសម្រួលដល់មនុស្សជាច្រើន។ មានកម្មវិធីរាប់លានត្រូវបានបង្កើតឡើងសម្រាប់ឧបករណ៍អស់ទាំងនោះ។ ត្រឡប់មកនិយាយអំពីការប្រមូលទិន្នន័យវិញ ក៏មានកម្មវិធីសម្រាប់ការងារនេះដែរ ប៉ុន្តែវាមានច្រើនជម្រើស និងបម្រើទៅតាមតម្រូវការ។ នៅក្នុងនោះមានកម្មវិធី Open Data Kit (ពាក្យកាត់៖ ODK) គឺជាមធ្យោបាយដ៏ប្រសើរមួយ។ វាត្រូវបានបង្កើតឡើងនៅ សាកលវិទ្យាល័យវ៉ាស៊ីនតោន (University of Washington) ហើយក៏ជាកម្មវិធីកូដបើកចំហ (Open Source) ដែលអាចឲ្យអ្នកយកទៅប្រើ (តាមស្ថាប័ន) កែតម្រូវកម្មវិធីនោះទៅតាមការងារជាក់ស្ដែងរបស់ពួកគេ។
មានអង្គការជាច្រើន (រួមទាំងក្នុងប្រទេសកម្ពុជាដែរ) កំពុងប្រើប្រាស់ ODK សម្រាប់ចុះស្ទាបស្ទង់មតិ ប្រមូលទិន្នន័យ បង្កើតជារបាយការណ៍ប្រកបទៅដោយភាពងាយស្រួលជាងមុន លឿនរហ័ស និងមានភាពជាក់លាក់ល្អ។
កម្មវិធីមួយចំនួនរបស់ ODK
ODK បានបង្កើតកម្មវិធីច្រើនដែរ ហើយនៅក្នុងមានកម្មវិធីឬសមាសភាគបីសំខាន់ជាងគេសម្រាប់ការងារគឺ៖ XLS Form, ODK Collect, Aggregate Server។
XLSForm (ឯកសារកម្រងសំណួរ)
XLSForm គឺជាទម្រង់ស្តង់ដារមួយសម្រាប់បង្កើត Form នៅក្នុង Excel, ដូច្នេះកម្រងសំណួរនៅក្នុង ODK ត្រូវធ្វើជាទម្រង់ XLS តាមរយៈកម្មវិធី Microsoft Excel ឬកម្មវិធី Spreadsheet ផ្សេងៗដែលអ្នកអាចបង្កើតឯកសារជាទម្រង់ XLS បាន។ រាល់សំណួរ ជម្រើស អត្ថបទបង្ហាញ លក្ខខណ្ឌ ក្បួនគណនា និងការកំណត់នានាត្រូវតែរៀបចំឡើងនៅក្នុងឯកសារ XLS នោះឲ្យរួចជាស្រេច។ ចំពោះប្រភេទសំណួរវិញ សូមមើលទីនេះ។
នៅពេលរៀបចំកម្រងសំណួរទៅតាមរចនាសម្ព័ន្ធរួចអស់ហើយ ក៏អ្នកមិនទាន់អាចយកវាទៅប្រើបានដែរ លុះត្រាតែបានបំប្លែងឯកសារ XLS នោះឲ្យទៅជាទម្រង់ XML សិន នោះទើបអាចយកទៅប្រើនៅក្នុងកម្មវិធី ODK Collect បាន។
ឯកសារជាទម្រង់ XML ត្រូវយកទៅទុកនៅក្នុងម៉ាស៊ីនបម្រើរួម (Aggregate Server) ដើម្បីឲ្យកម្មវិធី ODK Collect អាចទាញយកកម្រងសំណួរនោះមកប្រើបាន។ សូមរក្សាឯកសារ XLS ឲ្យបានត្រឹមត្រូវ ប្រសិនបើអ្នកមិនចង់អង្គុយរាប់សិបម៉ោងរៀបចំកម្រងសំណួរម្ដងទៀតនៅពេលត្រូវការ។
ODK Collect
ODK Collect ជាកម្មវិធីដើរនៅលើ Android ហើយវាមានតួនាទីសម្រាប់ទាញយកនិងបំពេញកម្រងសំណួរ, រក្សាទុកកម្រងសំណួរដែលបានបំពេញហើយ, និងបញ្ជូនទិន្នន័យទៅកាន់ម៉ាស៊ីមបម្រើរួមមួយ (Aggregate Server)។ រាល់លក្ខខណ្ឌ ក្បួនគណនា សំណួរ និងអ្វីៗផ្សេងទៀតដែលអ្នកបានបញ្ចូលទៅក្នុងឯកសារ XLS និងបានបំប្លែងទៅ XML នឹងត្រូវកម្មវិធី ODK Collect យកមករៀបចំបង្ហាញនៅលើអេក្រង់ទៅតាមប្រភេទនៃធាតុនីមួយៗ។
ផ្នែកបច្ចេកទេស៖ វាមានភាពលំបាកក្នុងការរៀបចំប្លង់កម្រងសំណួរទៅតាមចិត្ត ព្រោះវាមិនមែនរៀបចំប្លង់ឡើងតាមរយៈ HTML, CSS និង JavaScript ទេ។ ដូច្នេះចាំបាច់ត្រូវកែកូដដើម (source code) របស់កម្មវិធី។
Aggregate Server
Aggregate Server គឺជាសមាសភាគដ៏សំខាន់មួយ គេអាចហៅវាថាជាមជ្ឈមណ្ឌល ឬហៅថាម៉ាស៊ីនបម្រើរួម ពីព្រោះមុខងារចម្បងរបស់វាគឺរក្សាទុកកម្រងសំណួរសម្រាប់ប្រើប្រាស់, ផ្ដល់ឯកសារកម្រងសំណួរទៅឲ្យកម្មវិធី ODK Collect, រក្សាទុកព័ត៌មានដែលទទួលបានពី ODK Collect, និងបង្កើតទម្រង់ទិន្នន័យ (data format) សម្រាប់យកទៅប្រើប្រាស់ក្នុងកម្មវិធីគណនាស្ថិតិដូចជា SPSS ជាដើម។
នៅពេលដំឡើង Aggregate Server អ្នកចាំបាច់ត្រូវបង្កើនសុវត្ថិភាពរបស់វា ប្រសិនបើអ្នកមិនចង់ឲ្យទិន្នន័យដ៏មានតម្លៃរបស់អ្នកត្រូវជនអាក្រក់លួចយកបាន។
ខ្ញុំគាំទ្រនិងជម្រុញឲ្យមានការបញ្ជ្រាបបច្ចេកវិទ្យាឲ្យបានកាន់តែច្រើនចូលទៅក្នុងដំណើរការងាររបស់ស្ថាប័ននីមួយៗ ពីព្រោះវាមិនមែនត្រឹមតែផ្ដល់ភាពលឿននោះទេ តែក៏មានសុវត្ថិភាព (ប្រសិនបើមានអ្នកជំនាញរៀបចំត្រឹមត្រូវ) និងភាពជាក់ច្បាស់ចំពោះព័ត៌មានរបស់អ្នកដែរ។ ការចំណាយថ្លៃឈ្នួលលើបច្ចេកវិទ្យាអស់ទាំងនោះនឹងផ្ដល់លទ្ធផលយ៉ាងធំសម្រាប់ការងាររបស់ស្ថាប័នទាំងមូល តួយ៉ាងដូចជាការចុះប្រមូលព័ត៌មានដោយប្រើប្រាស់កម្មវិធី ODK ដូច្នេះដែរ។