ត្រៀម​ខ្លួន​រៀន​ព័ត៌មាន​វិទ្យា

បច្ចុប្បន្ន​នេះ ផ្នែក​ព័ត៌មានវិទ្យា (Information Technology) បាន​ស្ថិត​ក្នុង​ចំណោម​មុខ​វិជ្ជា​ពេញ​និយម​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្រៅ​ពី​ផ្នែក​អគ្គិសនី សំណង់ សុខាភិបាល និង​ស្ថាបត្យកម្ម។ យុវជន​មាន​ចំណាប់​អារម្មណ៍​ច្រើន​ទៅ​លើ​ផ្នែក​មួយ​​នេះកាន់​តែ​ច្រើន​ឡើង។ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ មាន​និស្សិត​ចុះ​ឈ្មោះ​ចូលរៀន​ជាង​មួយ​ពាន់​នាក់​ក្នុង​មួយ​ឆ្នាំៗ។ ព័ត៌មានវិទ្យា​ទាមទារ​ឲ្យ​មាន​ការ​អត់ធ្មត់​ក្នុង​ការ​ស្វែង​យល់ រក​ដំណោះ​ស្រាយ​មិន​មែន​មួយ​ផ្លូវ ប៉ុន្តែ​ច្រើន​ផ្លូវ។ មាន​ន័យ​ថា ដើម្បី​ដោះស្រាយ​បញ្ហា ឬ​ក៏​បង្កើត​អ្វី​មួយ​ឡើង យើង​អាច​មាន​ផ្លូវ​ច្រើន ដើម្បី​ធ្វើ​វា ដូច្នេះ​យើង​ត្រូវ​ព្យាយាម​ហ្វឹកហាត់​សមត្ថភាព​ខ្លួន​ឯង និង​គួបផ្សំ​ខ្លះ​ជាមួយ​ទេពកោសល្យ​ផ្ទាល់​ខ្លួន។

ព័ត៌មានវិទ្យា​រីកចម្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ដែល​នេះ​ជា​កត្តា​ដែល​កំណត់​ឲ្យ​អ្នក​សិក្សា​ផ្នែក​នេះ និង​អ្នក​កាន់​អាជីព​នេះ ត្រូវ​ធ្វើ​ស្វ័យសិក្សា​ឲ្យ​បាន​ច្រើន ព្រោះ​មិន​មែន​រៀន​នៅ​តែ​សាលា​ហើយ​ចេះ ឬ​ក៏​ចេះ​តែ​អ្វី​ដែល​ធ្លាប់​ដឹង​ពី​មុន​មក តែ​មិន​ចង់​ដឹង​អ្វី​ដែល​បាន​អភិវឌ្ឍ​ថ្មី​នោះ​ទេ។

នៅ​ក្នុង​អត្ថបទ​នេះ ខ្ញុំ​នឹង​រៀបរាប់​ត្រួសៗ​អំពី​បទពិសោធន៍​របស់​ខ្ញុំ​នៅ​ក្នុង​ការ​ចូល​សិក្សា​នៅ​ក្នុង​សាកលវិទ្យាល័យ ហើយ​ខ្ញុំ​គិត​ថា​នេះ​ជា​បទ​ពិសោធន៍​ដ៏​ស្ដួចស្ដើង​មួយ​ប៉ុណ្ណោះ។

តើ​ត្រូវ​ពូកែ​គណិតវិទ្យា​ទេ?

កាល​មុន​ចូល​សាកលវិទ្យាល័យ ខ្ញុំ​បាន​គិត​ថា​ការ​រៀន​ព័ត៌មានវិទ្យា​ហាក់​មិន​ត្រូវការ​គណិតវិទ្យា​ ច្រើន​នោះ​ទេ។ តាម​ពិត​ទៅ វា​មិន​ត្រូវការ​ច្រើន​មែន ប៉ុន្តែ​ប្រសិន​បើ​យើង​ចេះ​ច្រើន​នោះ គឺ​វា​កាន់​តែ​ប្រសើរ ព្រោះ​យើង​ដឹង​រួច​ស្រាប់​មក​ហើយ​ថា អ្នក​ដែល​ពូកែ​គណិត​វិទ្យា​គឺ​ជា​អ្នក​ដែល​ពូកែ​ដោះស្រាយ​បញ្ហា មិន​ថា​ក្នុង​ឬ​ក្រៅ។

ប៉ុន្តែ​ប្រសិន​បើ​អ្នក ​មិន​ពូកែ​គណិត​ទេ សូម​កុំ​បារម្ភ​ខ្លាំង​ពេក​អី ព្រោះ​មាន​ខ្ញុំ​ជា​គ្នា​ម្នាក់​ដែរ។ សម្រាប់​ការ​សិក្សា​នៅ RUPP មាន​មុខវិជ្ជា​គណិត​វិទ្យា​ចំនួន​ពីរ​ឆមាស (Discrete Mathematic) រួម​មាន​មេរៀន​តក្កវិទ្យា, Algorithm, Flowchart, ប្រព័ន្ធ​របាប់, ម៉ាទ្រីស, សំណុំ​និង​ទំនាក់​ទំនង, អនុគមន៍​និង​អនុវត្តន៍ ។ល។ ដែល​មេរៀន​ទាំង​នេះ សុទ្ធ​តែ​មាន​ទំនាក់ទំនង​នៅ​ក្នុង​ផ្នែក​ព័ត៌មានវិទ្យា។

តើ​ការ​រៀន​កូដ​ពិបាក​ទេ?

អាច​ថា​ពិបាក​ក៏​បាន មិន​ពិបាក​ក៏​បាន។ វា​អាស្រ័យ​ទៅ​លើ​វិធី​ដែល​យើង​ប្រើ​ក្នុង​ការ​សរសេរ​កម្មវិធី។ ចំពោះ​អ្នក​ថ្មីថ្មោង​ដែល​មិន​ធ្លាប់​សរសេរ​កូដ​ពី​មុន​មក​នោះ វា​អាច​ជា​រឿង​ពិបាក​សម្រាប់​ពួកគេ​នៅ​ពេល​ដំបូង។ ចូរ​កុំ​ខ្លាច​ក្នុង​ការ​សរសេរ​កូដ ព្រោះ​វា​ពិត​ជា​សប្បាយ​ណាស់ ហើយ​ក៏​កុំ​គិត​ថា​ពិបាក​នោះ ព្រោះ​អ្វីៗ​ស្ថិត​នៅ​ក្នុង​កណ្ដាប់ដៃ​របស់​យើង​ទាំង​អស់។

មិត្តភក្ដិ ​ខ្ញុំ​នៅ​សាកលវិទ្យាល័យ ពួកគេ​មួយ​ចំនួន​មិន​ធ្លាប់​បាន​សរសេរកូដ​ពីមុន​មក​នោះ​ទេ ប៉ុន្តែ​មក​ដល់​ពេល​នេះ ឃើញ​ថា​ពួកគេ​យល់​បាន​ច្រើន​អំពី​ការ​សរសេរកូដ​ហើយ។ ដូច្នេះ​មិន​មែន​ទាល់​តែ​ធ្លាប់​សរសេរ​កូដ ទើប​អាច​រៀន​ព័ត៌មានវិទ្យា​បាន​នោះ​ទេ។

តើ​ត្រូវ​ចេះ​ភាសា​បរទេស​ទេ?

សំណួរ​នេះ តែង​មាន​គេ​លើក​ឡើង​មក​និយាយ​ស្ទើរ​គ្រប់​ពេល​វេលា​មិន​ថា​តែ​ក្នុង​ផ្នែក​ ព័ត៌មានវិទ្យា​នោះ​ទេ។ វា​ត្រូវការ​ជា​ចម្បង​សម្រាប់​ការ​ស្រាវជ្រាវ​ឯកសារ​ជា​ភាសា​បរទេស ព្រោះ​ធនធាន​ឯកសារ​ទាក់ទង​នឹង​ព័ត៌មានវិទ្យា (programming, database, network…) ជា​ភាសាខ្មែរ​គឺ​មាន​ភាព​ខ្វះខាត​ច្រើន​មែន​ទែន។ ដូច្នេះ​ប្រសិន​បើ​អ្នក​ចេះ​ភាសា​បរទេស ក៏​ជា​ការ​ប្រសើរ​មួយ​ដែរ។

តើ​ត្រូវ​ជ្រើសរើស​សាលា​មួយ​ណា?

មាន​​មិត្តភក្ដិ​ខ្ញុំ​ខ្លះ​ធ្លាប់​សួរ​ថា បើ​រៀន​ព័ត៌មានវិទ្យា តើ​រៀន​សាលា​ល្អ​ទើប​ល្អ? មួយ​ម៉ាត់​យ៉ាង​ខ្លី «សាលា​ណា​ក៏​បាន»។ ខ្ញុំ​បាន​ប្រាប់​ពី​ខាង​លើ​មក​ហើយ​ថា​ការ​សិក្សា​ផ្នែក​នេះ វា​ទាមទារ​ឲ្យ​មាន​យើង​សិក្សា​ដោយ​ខ្លួនឯង​ឲ្យ​បាន​ច្រើន ព្រោះ​នៅ​សាលា មិន​ប្រាកដ​ថា​យើង​ចាប់​បាន​អ្វី​ទាំង​អស់​ដែល​គ្រូ​បង្រៀន​នោះ​ទេ។ នេះ​គ្រាន់​តែ​ជា​គំនិត​របស់​ខ្ញុំ​ប៉ុណ្ណោះ ប៉ុន្តែ​ខ្ញុំ​គិត​ថា​អ្នក​ដែល​មាន​បទពិសោធន៍ ឬ​ក៏​អ្នក​រៀន​ចប់​ផ្នែក​នេះ អាច​នឹង​ដឹង​ច្រើន​ជាង​ខ្ញុំ។

មាន​អ្វី​ខ្លះ​ទៀត​នៅ​ក្នុង​ព័ត៌មានវិទ្យា?

នៅ​តាម​សាកលវិទ្យាល័យ​មួយ​ចំនួន​នៅ​កម្ពុជា មិន​មាន​ការ​បែងចែក​ជា​ជំនាញ​ដោយ​ឡែកៗ​នៅ​ក្នុង​មុខ​វិជ្ជា​ព័ត៌មានវិទ្យា​ឡើយ ដូច្នេះ​គេ​សិក្សា​រួម​បញ្ចូល​គ្នា។ នៅ​ក្នុង​ការ​សិក្សា​តាម​បណ្ដា​សាកលវិទ្យាល័យ ខ្ញុំ​សង្កេត​ឃើញ​ថា​ការ​សិក្សា​ព័ត៌មាន​វិទ្យា​មាន​រួម​បញ្ចូល៖

  • មូលដ្ឋាន​គ្រឹះ​កុំព្យូទ័រ
  • ការ​សរសេរ​កម្មវិធី​កុំព្យូទ័រ (Computer Programming)
  • ហាដវែរ (Hardware)
  • ប្រព័ន្ធ​មូលដ្ឋាន​ទិន្នន័យ (Database System)
  • បណ្ដាញ (Network)
  • ការ​សរសេរ​កម្មវិធី​វេប (Web Programming)

ក្រៅ​អំពី​នេះ ក៏​មាន​មុខវិជ្ជា​ផ្សេងៗ​ទៀត​ដែរ​ដូច​ជា​បញ្ញានិម្មិត (Artificial Intelligence),  វិស្វកម្ម​សុសវែរ (Software Engineering), ការគ្រប់គ្រង​ផ្នែក​ព័ត៌មានវិទ្យា (Management of Information Technology) និង​ផ្សេងៗ​ទៀត​ទៅ​តាម​កម្មវិធី​សិក្សា​នៃ​សាកលវិទ្យាល័យ​និមួយៗ។

តើ​ត្រូវ​ជ្រើសយក​ជំនាញ​មួយ​ណា?

បើ​អ្នក​មិន​ធ្លាប់​បាន​ស្វែងយល់​អំពី​ជំនាញ​និមួយៗ​ពីមុន​មក​ទេ សូម​កុំ​អាល​សម្រេច​ចិត្ត​ថា​ពេល​ចូលរៀន​នឹង​ត្រូវ​ផ្ដោត​លើ​ជំនាញ​មួយ​ណា។ អ្នក​ត្រូវ​សិក្សា​វា​ឲ្យ​បាន​ស្មើៗ​គ្នា ហើយ​អ្នក​នឹងដឹង​ខ្លួន​ឯង​ថា​ចូល​ចិត្ត​ជំនាញ​អ្វី និង​អាច​ធ្វើ​ក្នុង​ជំនាញ​អ្វី​បាន។ សម្រាប់​ខ្ញុំ ដោយ​សារ​ខ្ញុំ​ធ្លាប់​បាន​ស្វែងយល់​ខ្លះៗ​អំពី​វា ទើប​អាច​សម្រេច​ចិត្ត​ថា​នឹង​ផ្ដោត​លើ​ផ្នែក Programming (កុំព្យូទ័រ និង វេប) និង Database ព្រោះ​ខ្ញុំ​បាន​យល់​អំពី​ខ្លួន​ឯង​ថា​អាច​ធ្វើ​លើ​ជំនាញ​ទាំង​នេះ​បាន ប៉ុន្តែ​ក៏​មិន​មែន​មិន​បោះបង់​ផ្នែកផ្សេង​ដែរ។

បង្កើត​ទំនាក់ទំនង

ពាក្យ «ទំនាក់ទំនង» ស្ដាប់​ទៅ​ហាក់​ដូច​ជា​ធម្មតា ប៉ុន្តែ​នៅ​ក្នុង​សង្គម​វា​មាន​ន័យ​ធំ និង​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង។ យើង​ត្រូវ​ចេះ​បង្កើត​ទំនាក់ទំនង​ទាំង​នៅ​ក្នុង​សាលា (ជាមួយ​សាស្ត្រាចារ្យ, សិស្ស​ច្បង, មិត្តភក្ដិ) និង​ត្រូវ​ចំណាយ​ពេល​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នានា​ដែល​ពាក់ព័ន្ធ​នឹង​បច្ចេកវិទ្យា ដើម្បី​ជួប​អ្នក​ដែល​មាន​ជំនាញ​ក្នុង​ផ្នែក​ព័ត៌មានវិទ្យា និង​បង្កើត​ទំនាក់ទំនង​ជាមួយ​អ្នក​ទាំង​នោះ។

— ទាំងនេះ​គឺ​ជា​បទពិសោធន៍​ខ្លះៗ​ដែល​ខ្ញុំ​បាន​ដឹង​អំពី​ការ​ត្រៀមខ្លួន​រៀន​ផ្នែក​ព័ត៌មានវិទ្យា ប៉ុន្តែ​ខ្ញុំ​ជឿ​ថា​នៅ​មាន​អ្វី​ដែល​លើស​ពីនេះ​ទៀត។