កម្មវិធី​ជប់លៀង​នៅ​ស្ថានទូត​អាមេរិក – Facebook Party

នៅ​រសៀល​ថ្ងៃ​ទី៩ ខែ​កក្កដា ឆ្នាំ​២០១៤ ខ្ញុំ​បាន​ទៅ​ចូលរួម​ក្នុង​កម្មវិធី​ជប់លៀង​មួយ​នៅ​ឯ​ស្ថានទូត​អាមេរិក ដែល​គេ​អបអរ​ចំពោះ​ការ​ទទួល​បាន​អ្នក​ចូលចិត្ត​លើស ២ សែន​នាក់ នៅ​ក្នុង​ទំព័រ Facebook របស់​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា។

គេ​មាន​លេង​ហ្គេម​មួយ​ចំនួន រួម​ផ្សំ​នឹង​តន្ត្រី​កម្សាន្ត​ដោយ​មាន​ពូឃ្លាំង​និង​នាយ​ទុំ និង​អាហារ​សម្រន់។ ក្រៅ​ពីនេះ​ក៏​មាន​ការ​ថ្លែង​ដោយ​លោក William E. Todd ឯក​អគ្គ​រដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា អំពី​ទំព័រ​ហ្វេសប៊ុក​របស់​ស្ថានទូត ហើយ​នឹង​គ្រោង​សម្រេច​ឲ្យ​បាន​អ្នក​ចូលចិត្ត ៥ សែន​នាក់​នៅ​ឆ្នាំ​ក្រោយ។ យ៉ូហូ! សង្ឃឹម​ថា​បាន​ទៅ​ទៀត​ចុះ។

កន្លង​មក​នេះ ស្ថានទូត​អាមេរិក​ធ្លាប់​ធ្វើ​កម្មវិធី​ជប់លៀង​ម្ដង​រួច​មក​ហើយ​ចំពោះ​ការ​ទទួល​បាន​អ្នក​ចូលចិត្ត ១ សែន​នាក់។

កុំព្យូទ័រ​ទៅ​បរទេស

កាល​ពី​ចុង​ខែ​មីនា ខ្ញុំ​បាន​ទិញ​កុំព្យូទ័រ​ថ្មី​មួយ​ម៉ាក Lenovo Ideapad S510p ។ ប៉ុន្តែ​ទើប​តែ​ប្រើ​បាន​បួន​ខែ វា​ក៏​ចាប់​ផ្ដើម​ធ្វើ​ទុក្ខ ដែល​ជា​ហេតុ​មិន​អាច​ឲ្យ​ខ្ញុំ​នៅ​ទ្រាំ​ជាមួយ​វា​ទៀត​បាន ក៏​យក​វា​ទៅ​ហាង​កុំព្យូទ័រ​វិញ ដើម្បី​ឲ្យ​គេ​មើល​គ្រឿង​ក្នុង​វា។ គេ​ក៏​បាន​បញ្ជូន​វា​ទៅ​ក្រុមហ៊ុន (ក្នុង​ស្រុក) ។ ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក ខ្ញុំ​ក៏​ទូរសព្ទ​ទៅ​សួរ គេ​ក៏​ប្រាប់​ថា​កុំព្យូទ័រ​របស់​ខ្ញុំ​ត្រៀម​ចេញ​ដំណើរ​ទៅ​បរទេស​ហើយ។

អាការៈ​របស់​វា​គឺ​ដូច​មាន​រៀបរាប់​ដូច​ក្នុង​វីដេអូ​ខាង​ក្រោម គឺ​ក្រោយ​ពេល​ចុច​បើក វា​ក៏​រលត់​វិញ​ភ្លាម។ បួន​ដប់​ដង​ទៅ ឬ​ក៏​បីបួន​នាទី​ក្រោយ ទើប​វា​បើក​បាន​ពេញ​លេញ។

[youtube https://www.youtube.com/watch?v=ygJfQ7ESNh8 ]

ដំបូង​គិត​ថា​គ្មាន​អ្វី ដើម្បី​ធ្វើ​ការងារ​ហើយ​ទេតើ តែ​ចេះ​នៅ​សល់​កុំព្យូទ័រ​ចាស់ (Dell Latitute E4300 ជជុះ) មួយ​ដែរ (ប្រើ​ពីរ​ឆ្នាំ​ហើយ) ។

ឥឡូវ​គ្មាន​អ្វី​ក្រៅ​ពី​ត្រូវ​នៅ​ទន្ទឹង​រង់ចាំ​កុំព្យូទ័រ​ត្រឡប់​មក​វិញ… យ៉ាង​ហោច​ណាស់ពីរ​ខែ​ដែរ។ បទ​ពិសោធន៍​ថ្មី។

សា​ជា​ថ្មី

នេះ​ជា​ប្លក់​ទី​បី​ដែល​ខ្ញុំ​បាន​បង្កើត ដែល​ប្លក់​ទី​មួយ​របស់​ខ្ញុំ​នៅ http://sovichetlife.wordpress.com ហើយ​ប្លក់​ទី​ពីរ​នៅ http://it4ug.net ។ សង្ស័យ​កាន់​តែ​ប្លក់​មួយ​មិន​អស់​ចិត្ត​ហើយ​មើល​ទៅ បាន​ជា​មក​បង្កើត​ពីរបី​យ៉ាង​ដូច្នេះ? 😉 តែ​ម្ដង​នេះ ខ្ញុំ​ក៏​មិន​សកម្ម​ណាស់​ណា​ដែរ តែ​នៅ​ទីនេះ ខ្ញុំ​អាច​រៀបចំ​ប្លក់​ថ្មី​មួយ ដែល​អាច​រៀបចំ​ប្រភេទ​អត្ថបទ​បាន​ឡើង​វិញ និង​មាន​ការ​ផ្ដោត​ជាង​ពី​ការ​ធ្វើ​លើកៗ​មុន។

តើ​អ្វី​ទៅ​ដែល​ខ្ញុំ​សរសេរ?

  • បទ​ពិសោធន៍​ជីវិត​របស់​ខ្ញុំ
  • បទ​ពិសោធន៍​ការងារ​ខ្លះៗ
  • បទ​ពិសោធន៍​ធ្វើ​ដំណើរ
  • និង ចុច​ចុច​ចុច។

សួស្ដី​អ្នក​ទាំងអស់​គ្នា!