បច្ចុប្បន្ននេះ ផ្នែកព័ត៌មានវិទ្យា (Information Technology) បានស្ថិតក្នុងចំណោមមុខវិជ្ជាពេញនិយមនៅក្នុងប្រទេសកម្ពុជា ក្រៅពីផ្នែកអគ្គិសនី សំណង់ សុខាភិបាល និងស្ថាបត្យកម្ម។ យុវជនមានចំណាប់អារម្មណ៍ច្រើនទៅលើផ្នែកមួយនេះកាន់តែច្រើនឡើង។ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប៉ុន្មានឆ្នាំចុងក្រោយនេះ មាននិស្សិតចុះឈ្មោះចូលរៀនជាងមួយពាន់នាក់ក្នុងមួយឆ្នាំៗ។ ព័ត៌មានវិទ្យាទាមទារឲ្យមានការអត់ធ្មត់ក្នុងការស្វែងយល់ រកដំណោះស្រាយមិនមែនមួយផ្លូវ ប៉ុន្តែច្រើនផ្លូវ។ មានន័យថា ដើម្បីដោះស្រាយបញ្ហា ឬក៏បង្កើតអ្វីមួយឡើង យើងអាចមានផ្លូវច្រើន ដើម្បីធ្វើវា ដូច្នេះយើងត្រូវព្យាយាមហ្វឹកហាត់សមត្ថភាពខ្លួនឯង និងគួបផ្សំខ្លះជាមួយទេពកោសល្យផ្ទាល់ខ្លួន។
ព័ត៌មានវិទ្យារីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ដែលនេះជាកត្តាដែលកំណត់ឲ្យអ្នកសិក្សាផ្នែកនេះ និងអ្នកកាន់អាជីពនេះ ត្រូវធ្វើស្វ័យសិក្សាឲ្យបានច្រើន ព្រោះមិនមែនរៀននៅតែសាលាហើយចេះ ឬក៏ចេះតែអ្វីដែលធ្លាប់ដឹងពីមុនមក តែមិនចង់ដឹងអ្វីដែលបានអភិវឌ្ឍថ្មីនោះទេ។
នៅក្នុងអត្ថបទនេះ ខ្ញុំនឹងរៀបរាប់ត្រួសៗអំពីបទពិសោធន៍របស់ខ្ញុំនៅក្នុងការចូលសិក្សានៅក្នុងសាកលវិទ្យាល័យ ហើយខ្ញុំគិតថានេះជាបទពិសោធន៍ដ៏ស្ដួចស្ដើងមួយប៉ុណ្ណោះ។
តើត្រូវពូកែគណិតវិទ្យាទេ?
កាលមុនចូលសាកលវិទ្យាល័យ ខ្ញុំបានគិតថាការរៀនព័ត៌មានវិទ្យាហាក់មិនត្រូវការគណិតវិទ្យា ច្រើននោះទេ។ តាមពិតទៅ វាមិនត្រូវការច្រើនមែន ប៉ុន្តែប្រសិនបើយើងចេះច្រើននោះ គឺវាកាន់តែប្រសើរ ព្រោះយើងដឹងរួចស្រាប់មកហើយថា អ្នកដែលពូកែគណិតវិទ្យាគឺជាអ្នកដែលពូកែដោះស្រាយបញ្ហា មិនថាក្នុងឬក្រៅ។
ប៉ុន្តែប្រសិនបើអ្នក មិនពូកែគណិតទេ សូមកុំបារម្ភខ្លាំងពេកអី ព្រោះមានខ្ញុំជាគ្នាម្នាក់ដែរ។ សម្រាប់ការសិក្សានៅ RUPP មានមុខវិជ្ជាគណិតវិទ្យាចំនួនពីរឆមាស (Discrete Mathematic) រួមមានមេរៀនតក្កវិទ្យា, Algorithm, Flowchart, ប្រព័ន្ធរបាប់, ម៉ាទ្រីស, សំណុំនិងទំនាក់ទំនង, អនុគមន៍និងអនុវត្តន៍ ។ល។ ដែលមេរៀនទាំងនេះ សុទ្ធតែមានទំនាក់ទំនងនៅក្នុងផ្នែកព័ត៌មានវិទ្យា។
តើការរៀនកូដពិបាកទេ?
អាចថាពិបាកក៏បាន មិនពិបាកក៏បាន។ វាអាស្រ័យទៅលើវិធីដែលយើងប្រើក្នុងការសរសេរកម្មវិធី។ ចំពោះអ្នកថ្មីថ្មោងដែលមិនធ្លាប់សរសេរកូដពីមុនមកនោះ វាអាចជារឿងពិបាកសម្រាប់ពួកគេនៅពេលដំបូង។ ចូរកុំខ្លាចក្នុងការសរសេរកូដ ព្រោះវាពិតជាសប្បាយណាស់ ហើយក៏កុំគិតថាពិបាកនោះ ព្រោះអ្វីៗស្ថិតនៅក្នុងកណ្ដាប់ដៃរបស់យើងទាំងអស់។
មិត្តភក្ដិ ខ្ញុំនៅសាកលវិទ្យាល័យ ពួកគេមួយចំនួនមិនធ្លាប់បានសរសេរកូដពីមុនមកនោះទេ ប៉ុន្តែមកដល់ពេលនេះ ឃើញថាពួកគេយល់បានច្រើនអំពីការសរសេរកូដហើយ។ ដូច្នេះមិនមែនទាល់តែធ្លាប់សរសេរកូដ ទើបអាចរៀនព័ត៌មានវិទ្យាបាននោះទេ។
តើត្រូវចេះភាសាបរទេសទេ?
សំណួរនេះ តែងមានគេលើកឡើងមកនិយាយស្ទើរគ្រប់ពេលវេលាមិនថាតែក្នុងផ្នែក ព័ត៌មានវិទ្យានោះទេ។ វាត្រូវការជាចម្បងសម្រាប់ការស្រាវជ្រាវឯកសារជាភាសាបរទេស ព្រោះធនធានឯកសារទាក់ទងនឹងព័ត៌មានវិទ្យា (programming, database, network…) ជាភាសាខ្មែរគឺមានភាពខ្វះខាតច្រើនមែនទែន។ ដូច្នេះប្រសិនបើអ្នកចេះភាសាបរទេស ក៏ជាការប្រសើរមួយដែរ។
តើត្រូវជ្រើសរើសសាលាមួយណា?
មានមិត្តភក្ដិខ្ញុំខ្លះធ្លាប់សួរថា បើរៀនព័ត៌មានវិទ្យា តើរៀនសាលាល្អទើបល្អ? មួយម៉ាត់យ៉ាងខ្លី «សាលាណាក៏បាន»។ ខ្ញុំបានប្រាប់ពីខាងលើមកហើយថាការសិក្សាផ្នែកនេះ វាទាមទារឲ្យមានយើងសិក្សាដោយខ្លួនឯងឲ្យបានច្រើន ព្រោះនៅសាលា មិនប្រាកដថាយើងចាប់បានអ្វីទាំងអស់ដែលគ្រូបង្រៀននោះទេ។ នេះគ្រាន់តែជាគំនិតរបស់ខ្ញុំប៉ុណ្ណោះ ប៉ុន្តែខ្ញុំគិតថាអ្នកដែលមានបទពិសោធន៍ ឬក៏អ្នករៀនចប់ផ្នែកនេះ អាចនឹងដឹងច្រើនជាងខ្ញុំ។
មានអ្វីខ្លះទៀតនៅក្នុងព័ត៌មានវិទ្យា?
នៅតាមសាកលវិទ្យាល័យមួយចំនួននៅកម្ពុជា មិនមានការបែងចែកជាជំនាញដោយឡែកៗនៅក្នុងមុខវិជ្ជាព័ត៌មានវិទ្យាឡើយ ដូច្នេះគេសិក្សារួមបញ្ចូលគ្នា។ នៅក្នុងការសិក្សាតាមបណ្ដាសាកលវិទ្យាល័យ ខ្ញុំសង្កេតឃើញថាការសិក្សាព័ត៌មានវិទ្យាមានរួមបញ្ចូល៖
- មូលដ្ឋានគ្រឹះកុំព្យូទ័រ
- ការសរសេរកម្មវិធីកុំព្យូទ័រ (Computer Programming)
- ហាដវែរ (Hardware)
- ប្រព័ន្ធមូលដ្ឋានទិន្នន័យ (Database System)
- បណ្ដាញ (Network)
- ការសរសេរកម្មវិធីវេប (Web Programming)
ក្រៅអំពីនេះ ក៏មានមុខវិជ្ជាផ្សេងៗទៀតដែរដូចជាបញ្ញានិម្មិត (Artificial Intelligence), វិស្វកម្មសុសវែរ (Software Engineering), ការគ្រប់គ្រងផ្នែកព័ត៌មានវិទ្យា (Management of Information Technology) និងផ្សេងៗទៀតទៅតាមកម្មវិធីសិក្សានៃសាកលវិទ្យាល័យនិមួយៗ។
តើត្រូវជ្រើសយកជំនាញមួយណា?
បើអ្នកមិនធ្លាប់បានស្វែងយល់អំពីជំនាញនិមួយៗពីមុនមកទេ សូមកុំអាលសម្រេចចិត្តថាពេលចូលរៀននឹងត្រូវផ្ដោតលើជំនាញមួយណា។ អ្នកត្រូវសិក្សាវាឲ្យបានស្មើៗគ្នា ហើយអ្នកនឹងដឹងខ្លួនឯងថាចូលចិត្តជំនាញអ្វី និងអាចធ្វើក្នុងជំនាញអ្វីបាន។ សម្រាប់ខ្ញុំ ដោយសារខ្ញុំធ្លាប់បានស្វែងយល់ខ្លះៗអំពីវា ទើបអាចសម្រេចចិត្តថានឹងផ្ដោតលើផ្នែក Programming (កុំព្យូទ័រ និង វេប) និង Database ព្រោះខ្ញុំបានយល់អំពីខ្លួនឯងថាអាចធ្វើលើជំនាញទាំងនេះបាន ប៉ុន្តែក៏មិនមែនមិនបោះបង់ផ្នែកផ្សេងដែរ។
បង្កើតទំនាក់ទំនង
ពាក្យ «ទំនាក់ទំនង» ស្ដាប់ទៅហាក់ដូចជាធម្មតា ប៉ុន្តែនៅក្នុងសង្គមវាមានន័យធំ និងមានឥទ្ធិពលយ៉ាងខ្លាំង។ យើងត្រូវចេះបង្កើតទំនាក់ទំនងទាំងនៅក្នុងសាលា (ជាមួយសាស្ត្រាចារ្យ, សិស្សច្បង, មិត្តភក្ដិ) និងត្រូវចំណាយពេលចូលរួមក្នុងព្រឹត្តិការណ៍នានាដែលពាក់ព័ន្ធនឹងបច្ចេកវិទ្យា ដើម្បីជួបអ្នកដែលមានជំនាញក្នុងផ្នែកព័ត៌មានវិទ្យា និងបង្កើតទំនាក់ទំនងជាមួយអ្នកទាំងនោះ។
— ទាំងនេះគឺជាបទពិសោធន៍ខ្លះៗដែលខ្ញុំបានដឹងអំពីការត្រៀមខ្លួនរៀនផ្នែកព័ត៌មានវិទ្យា ប៉ុន្តែខ្ញុំជឿថានៅមានអ្វីដែលលើសពីនេះទៀត។
Like this:
Like Loading...