[WDC101] មេរៀន​ទី១៖ ការ​ណែនាំ​អំពី​ការ​អភិវឌ្ឍ​វេប

មាតិកា​មេរៀន

 

វា​ជា​ការ​ចាំបាច់​ដែល​យើង​ត្រូវ​ដឹង​អំពី​និយមន័យ​និង​កម្មវត្ថុ​នៃ​ការ​សិក្សា​និង​មេរៀន​នីមួយៗ។ នៅ​ក្នុង​មេរៀន​ទី១ យើង​នឹង​ជជែក​ទៅ​លើ​រឿងរ៉ាវ​ទូទៅ​ដែល​កើត​មាន​នៅ​ក្នុង​ជំនាញ​មួយ​នេះ។

ការ​អភិវឌ្ឍ​វេប ឬ Web Development វា​ជា​ពាក្យ​មួយ​ដ៏​ទូលាយ​សំដៅយក​ការងារ​ទាំងឡាយ​ណា​ដែល​រួម​មាន​ការ​អភិវឌ្ឍ​វេបសាយ​សម្រាប់​អ៊ីនធឺណិត មាន​ទំហំ​ចាប់​ពី​ត្រឹម​ទំព័រ​ធម្មតា​ដល់​កម្មវិធី​ដែល​មាន​ភាព​ស្មុគស្មាញ។ ពាក្យ​នេះ​អាច​មាន​ន័យ​ផ្សេងៗ​ទៀត​ទៅ​តាម​បរិបទ​និង​ស្ថានភាព​ប្រើប្រាស់។ នៅ​ក្នុង​ការ​អភិវឌ្ឍ​វេប​មាន​ដូចជា៖ វិស្វកម្ម​វេប, ការ​រចនា​វេប, ការ​អភិវឌ្ឍ​មាតិកា​វេប, ការ​បង្កើត​កម្មវិធី client/server, ម៉ាស៊ីន​បម្រើ​វេប, e-Commerce។ល។ បច្ចុប្បន្ន​នេះ ការ​អភិវឌ្ឍ​វេប​ក៏​អាច​សំដៅ​យក​ការ​បង្កើត​ប្រព័ន្ធ​គ្រប់គ្រង​មាតិកា​ដែរ។ [Wikipedia: Web Development]

ដោយសារតែ​ទំហំ​នៃ​ការ​អភិវឌ្ឍ​វេប វា​ធំ​ទូលំទូលាយ​ពេក ខ្ញុំ​ក៏​យក​តែ​ប៉ុន្មាន​ចំណុច​នៅ​ក្នុង​ផ្នែក​នោះ មក​បកស្រាយ​នៅ​ក្នុង​ស៊េរី​មេរៀន​មួយ​នេះ​សម្រាប់​អ្នក​ចាប់ផ្ដើម​ដំបូង៖

  • មូលដ្ឋាន​វេប
  • ការ​រចនា​វេប (Web Design)
  • ការ​បង្កើត​កម្មវិធី​វេប (Web Application – client/server)
  • ប្រព័ន្ធ​គ្រប់គ្រង​មាតិកា (Content Management System)
  • ម៉ាស៊ីន​បម្រើ​វេប (Web Server)

ទិដ្ឋភាព​ទូទៅ

សំណួរ​សួរ​ថា តើ​ទំព័រ​វេប​ដែល​អ្នក​ឃើញ​នៅ​លើ​អេក្រង់​នេះ វា​បាន​មក​ដោយ​វិធី​ណា?

client-server

 

រូបភាព​ខាងលើ​នេះ​គឺ​ជា​សេចក្ដី​សង្ខេប​មួយ​អំពី​ដំណើរការ​មួយ​នេះ ប៉ុន្តែ​តាម​ការណ៍​ពិត​គឺ​វា​មាន​ច្រើន​លើស​ពី​នេះ។ តួអង្គ​និង​សកម្មភាព​នៅ​ក្នុង​រូប​ខាងលើ​រួម​មាន៖

  • Client – តំណាង​ឲ្យ​អ្នក​ប្រើប្រាស់ ឬ​ក៏ Web Browser
  • Page request – ជា​សកម្មភាព​ស្នើ​រក​ទំព័រ​ដោយ​អាស្រ័យ​ទៅ​លើ​អាសយដ្ឋាន
  • Internet – ជា​កន្លែង​ធ្វើការ​ច្រើន​ផ្សេង​ទៀត ដើម្បី​នាំ​ទិស​ទៅ​ដល់​អាសយដ្ឋាន​មួយ​នោះ
  • Server – ជា​កន្លែង​ទុកដាក់​ឯកសារ ដែល​មាន​អាសយដ្ឋាន​ដូច​ក្នុង​សំណើ​ខាង​លើ
  • Page response – ជា​ការ​ឆ្លើយតប​ដោយ​ភ្ជាប់​មក​នូវ​ទំព័រ​ដែល​សមស្រប​ទៅ​តាម​សំណើ​ខាង​លើ ជា​ទម្រង់ HTML មក​ឲ្យ​ខាង​អ្នក​ប្រើប្រាស់​វិញ។

Client-side & Server-side

នៅ​ក្នុង​ការងារ​នេះ អ្នក​អាច​នឹង​ឧស្សាហ៍​ឮ​គេ​និយាយ​ពាក្យ client និង server។ គេ​ហៅ​វា​កាត់ៗ​ដោយ​បំបាត់​ពាក្យ side។ បើ​យើង​ប្រៀបធៀប​ឲ្យ​ងាយ​ទៅ វា​ដូចជា​អ្នក​ចូល​ហាង​លក់​សាច់​មាន់​បំពង ហើយ​កុម្មង់​ភ្លៅមាន់​បួន​ដុំ។

ក្នុង​ការ​ប្រៀបធៀប​នេះ យើង​ដែល​ជា​អ្នក​កុម្មង់​គឺ​ជា​ភ្ញៀវ (client) ហើយ​អ្នក​ទទួល​ការ​កុម្មង់​ឬ​បុគ្គលិក គឺ​ជា​អ្នក​បម្រើ​ភ្ញៀវ (server)។ អ៊ីចឹង តើ​អ្នក​គិត​ថា​អ្នក​នឹង​ទទួល​បាន​អ្វី? ប្រាកដ​ណាស់! គឺ​អ្នក​នឹង​ទទួល​បាន​ភ្លៅ​មាន់​បួន​ដុំ​ទៅ​តាម​ការ​កុម្មង់ ក្រោយ​ពេល​ពួកគេ​បំពង​និង​ខ្ចប់​ឲ្យ​អ្នក​រួច។ អូ៎! កុំ​ភ្លេច​យក​ទឹក​ម្ទេស​ថែម​ផង។

Client-side

Client-side សំដៅ​យក​ការងារ​ទាំងឡាយ​ណា​ដែល​ត្រូវបាន​ធ្វើ​នៅ​ខាង client ឬ​លើ​កុំព្យូទ័រ​របស់​អ្នក​ប្រើប្រាស់។ មាន​ន័យ​ថា ការងារ​មួយ​ចំនួន​មិន​ត្រូវ​បាន​ធ្វើ​នៅ​ឯ​ខាង server ទេ តែ​ផ្ដល់​ការងារ​នោះ​មក​ឲ្យ​ខាង client ជា​អ្នក​អនុវត្ត​វិញ។ ឧទាហរណ៍​ដូចជា​ការ​ប្រើប្រាស់ JavaScript ដើម្បី​បង្កើត​កម្មវិធី​លើ​ទំព័រ​តែ​មួយ (single-page application), ឬ​ក៏​ការ​ធីក​យក​អ៊ីមែល (Select all) ដែល​អ្នក​តែង​ឃើញ​នៅ​ក្នុង Gmail និង Yahoo។ល។

Server-side

តាម​អ្វី​ដែល​បាន​រៀបរាប់​ពី​ខាងលើ យើង​អាច​និយាយ​បាន​ថា server-side ជា​ការងារ​ទាំងឡាយ​ណា​ដែល​ត្រូវបាន​ធ្វើ​នៅ​ខាង server។ តើ server វា​ស្ថិត​នៅ​ឯណា? ជាទូទៅ វា​ស្ថិត​នៅ​កន្លែង​មួយ​ឆ្ងាយ​ពី​យើង ហើយ​វា​មាន​អាសយដ្ឋាន​ជាក់​លាក់​ណា​មួយ​ដែល​យើង​អាច​រក​វា​ឃើញ​បាន។ ការងារ​ចម្បង​របស់ server គឺ​ចាំ​ទទួល​សំណើ​ពី​ខាង client ហើយ​អនុវត្ត​ទៅ​តាម​សំណើ​នោះ។ វា​អាច​ជា​ការ​គណនា​ដ៏​ស្មុគស្មាញ, ការ​ផ្ដល់​ព័ត៌មាន​ដែល​ចាំបាច់​មក​ខាង client, ជា​អ្នក​រក្សាទុក​ទិន្នន័យ​ទុក​ប្រើការ​ពេល​ក្រោយ។ល។

សាកល្បង​គិត

នៅ​ត្រង់​នេះ​ខ្ញុំ​លើក​យក​សេណារីយ៉ូ​ពីរ​មក​និយាយ។

សេណារីយ៉ូ​ទី១៖ សាច់គោ​អាំង​រួច​ស្រាប់

  1. យើង​ចូល​ទៅ​ហាង​លក់​សាច់គោ​អាំង​មួយ​កន្លែង នៅ​ម្ដុំ​ផ្សារ​បឹងកេងកង
  2. យើង​ហៅ​អ្នករត់តុ
  3. យើង​កុម្មង់​សាច់គោ​អាំង​ទៅ​តាម​តម្រូវការ
  4. យើង​អង្គុយ​ចាំ​សាច់គោ
  5. សាច់គោ​ក៏​មក​ដល់ យើង​ហូប​បាន​ភ្លាម!

សេណារីយ៉ូ​ទី២៖ សាច់គោ​អាំង​ដោយ​ភ្ញៀវ

  1. យើង​ចូល​ទៅ​ហាង​លក់​សាច់គោ​អាំង​មួយ​កន្លែង នៅ​ម្ដុំ​ផ្សារ​ទួលគោក
  2. យើង​ហៅ​អ្នករត់តុ
  3. យើង​កុម្មង់​សាច់គោ​ទៅតាម​តម្រូវការ
  4. យើង​អង្គុយ​ចាំ​សាច់គោ
  5. សាច់​គោ​ក៏​មកដល់ ប៉ុន្តែ​យើង​ត្រូវ​អាំង​ដោយ​ខ្លួន​ឯង
  6. អាំង​ខ្លួន​ឯង​ហើយ ទើប​យើង​ហូប​បាន!

នៅ​ក្នុង​សេណារីយ៉ូ​ទាំង​ពីរ​នេះ យើង​អាច​មើល​ឃើញ​ដំណើរការ​ចំនួន​ពីរ​ខុស​គ្នា​គឺ៖ ឲ្យ​ភ្ញៀវ​ធ្វើការ​តិច និង ឲ្យ​ភ្ញៀវ​ធ្វើការ​ច្រើន។ បើ​ត្រឡប់​មក​មេរៀន​យើង​វិញ វា​ប្រៀប​បាន​ដូចជា​បែបផែន​អនុវត្ត​ការងារ​ចំនួន​ពីរ​យ៉ាង៖

  • ឲ្យ client ធ្វើការ​តិច​ជាង server
  • ឲ្យ client ធ្វើការ​ច្រើន​ជាង server

សំណួរ៖ តើ​បែបផែន​មួយ​ណា​ដែល​ល្អ​ប្រសើរ​ជាង? ហេតុ​អ្វី?

សូម​សាកល្បង​ឆ្លើយ​សំណួរ​ដ៏​ខ្លី​នេះ។ អ្នក​អាច​ឆ្លើយ​ទុក​ក្នុង​ចិត្ត ឬ​ក៏​សរសេរ​ជា​មតិ​នៅ​ខាងក្រោម​មេរៀន​នេះ។ ខ្ញុំ​នឹង​ជួយ​បន្ថែម​ទៅ​លើ​ការ​យល់ឃើញ​របស់​អ្នក។ ខ្ញុំ​ឲ្យ​គន្លឹះ​បន្តិច​ថា​ការ​លើក​យក​ករណី (សើៗ) មួយ​នេះ​មក​បង្ហាញ វា​ជា​ការ​ចាប់ផ្ដើម​បណ្ដុះ​ចិត្ត​គំនិត​ឲ្យ​យក​ចិត្ត​ទុកដាក់​នៅ​ពេល​អ្នក​ចាប់ផ្ដើម​ធ្វើ​វេបសាយ​មួយ។ ត្រឹមតែ​ការ​ថែម​ថយ​មួយ​ចំណុច​នេះ ក្នុង​ករណី​ជាក់ស្ដែង វា​អាច​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​ដល់​ល្បឿន​ដំណើរការ​របស់​វេបសាយ​នោះ។ តែ​វា​មាន​មូលហេតុ​ផ្សេង​ទៀត ដែល​អ្នក​គួរ​តែ​សាកល្បង​ឆ្លើយ ដើម្បី​បណ្ដុះ​គំនិត​បន្ថែម។

ទំព័រ​ឥត​ប្រែប្រួល & ទំព័រ​ឌីណាមិក

ក្រៅ​អំពី​រឿងរ៉ាវ​របស់ server-side និង client-side, ចំណុច​មួយ​នេះ​គឺ​ជា​រឿង​ដែល​យើង​គួរ​ដឹង​ជា​ចាំបាច់​ដែរ ពីព្រោះ​ថា​វា​ជា​រឿង​បឋម ហើយ​ក៏​ជា​រឿង​ស្នូល​នៅ​ក្នុង​ការ​សិក្សា​អំពី​ការ​អភិវឌ្ឍ​វេប។

ទំព័រ​ឥត​ប្រែប្រួល – Static Web Page

ទំព័រ​ឥត​ប្រែប្រួល គឺជា​ទំព័រ​វេប​ដែល​គេ​សរសេរ​រួច​ហើយ​ស្រាប់ មាន​រក្សាទុក​នៅ​ឯ​ម៉ាស៊ីន​បម្រើ (server) ហើយ​បង្ហាញ​ទៅ​ឲ្យ​អ្នក​ប្រើ​តាម​អ្វី​ដែល​វា​មាន។ និយាយ​ឲ្យ​ខ្លី​គឺ សរសេរ​ទុក​យ៉ាង​ម៉េច បង្ហាញ​មក​យ៉ាង​ហ្នឹង។ ទោះបីជា​នរណា​ម្នាក់​បើក​ទំព័រ​នោះ ក៏​ពួកគេ​ឃើញ​មាតិកា​ដូចៗ​គ្នា គ្មាន​អ្វី​ប្រែប្រួល​ដូច​ទំព័រ​ឌីណាមិក​នោះ​ទេ។

បើ​យើង​និយាយ​ម្យ៉ាង​ទៀត វា​មិន​ខុស​អី​ពី​ឯកសារ txt ដែល​យើង​សរសេរ​ទុក​នៅ​លើ​ហាតឌីស ហើយ​បើក​មើល​ម្ដង​ណា ក៏​វា​នៅ​តែ​ប៉ុណ្ណឹង​ដដែល។ ទោះ​ឲ្យ​នរណា​បើក​មើល ក៏​នៅ​តែ​ប៉ុណ្ណឹង គឺ​វា​គ្មាន​ការ​ប្រែប្រួល​ទៅ​តាម​បរិបទ​នោះ​ទេ។

ទំព័រ​ឥត​ប្រែប្រួល​នេះ ច្រើនតែ​ជា​ប្រភេទ .html ពីព្រោះ​ថា HTML គឺ​ជា​[ទម្រង់]​ឯកសារ​ចម្បង​បំផុត​នៅ​ក្នុង​ការ​បង្កើត​វេប ហើយ​វា​ជា​អ្វី​ដែល browser អាច​អាន​និង​ប្រែ​ឲ្យ​យើង​អាច​ឃើញ​បាន។ យើង​នឹង​ជជែក​បន្ថែម​អំពី HTML នៅ​មេរៀន​ខាង​មុខ​ទៀត។ ប្រសិនបើ​គេ​ចង់​កែសម្រួល​មាតិកា​នៅ​ក្នុង​នោះ គេ​ចាំបាច់​ត្រូវ​កែ​កូដ​របស់​វា រួច​ទើប​អាប់ឡូត​ចូល​ទៅ​ក្នុង​ម៉ាស៊ីនបម្រើ​ម្ដង​ទៀត។

គុណសម្បត្តិ

  • ងាយស្រួល​បង្កើត
  • មិន​ត្រូវការ​ម៉ាស៊ីនបម្រើ​ធំ
  • ត្រូវការ​កន្លែង​ទុក​តូច​ល្មម
  • មាន​ល្បឿន​លឿន
  • ចំណាយ​ថវិកា​មិន​ច្រើន
  • មិន​សូវ​ខ្វាយខ្វល់​ច្រើន​អំពី​សុវត្ថិភាព
  • មិន​ត្រូវការ​មូលដ្ឋាន​ទិន្នន័យ

គុណវិបត្តិ

  • គ្មាន​ភាព​បត់បែន
  • ទំព័រ​នៅ​តែ​មួយ​បែប
  • ពិបាក​ក្នុង​ការ​ផ្លាស់ប្ដូរ​មាតិកា​នៅ​ថ្ងៃ​ក្រោយ
  • បាន​ត្រឹមតែ​បង្ហាញ​ព័ត៌មាន​ធម្មតា​និង​មាន​កំណត់​រួច​ស្រាប់

ទំព័រ​ឌីណាមិក – Dynamic Web Page

កូដ​ក្នុង​ការ​បកស្រាយ​ផ្នែក​នេះ​គឺ !static_web_page ។ និយាយ​លេង​ទេ, អ្នក​ប្រហែល​ត្រូវការ​ការ​បកស្រាយ​លើស​ពី​នេះ។ និយាយ​យ៉ាង​ខ្លី​ទៅ​ចុះ ទំព័រ​ឌីណាមិក គឺ​ជា​ទំព័រ​ដែល​ផ្ទុយ​ពី​ទំព័រ​ឥត​ប្រែប្រួល។ តើ​វា​ខុស​គ្នា​យ៉ាង​ដូចម្ដេច​ទៅ?

ទំព័រ​ឌីណាមិក វា​ជា​ទំព័រ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ម៉ាស៊ីន​បម្រើ​ដែល​ស្ថិត​នៅ​ម្ខាង​ទៀត​នៃ​ទំនាក់ទំនង។ មាតិកា​ដែល​មាន​នៅ​លើ​ទំព័រ​ឌីណាមិក គឺ​វា​មាន​លទ្ធភាព​ប្រែប្រួល​គ្រប់​ពេល​វេលា ឬ​ក៏​អាស្រ័យ​ទៅ​លើ​សំណើ​និង​បរិបទ​របស់​អ្នក​ប្រើប្រាស់។ វា​មិនមែន​នៅ​នឹង​ថ្កល់​មួយ​កន្លែង​ដូច​ទំព័រ​ឥត​ប្រែប្រួល​នោះ​ទេ។

ឧទាហរណ៍​ងាយៗ​ដែល​យើង​ធ្លាប់​ឃើញ​នោះ​គឺ Facebook។ យើង​តែងតែ​ឃើញ​វា​ផ្លាស់ប្ដូរ​ទំព័រ​ស្ទើរ​តែ​គ្រប់​ពេល​វេលា ឬ​រាល់​ពេល​ដែល​មាន​បច្ចុប្បន្នភាព​ថ្មីៗ​ពី​មិត្តភក្ដិ​របស់​យើង។ យើង​មើល Google វា​ផ្លាស់ប្ដូរ​មាតិកា​ក្នុង​ទំព័រ​ស្វែងរក រាល់​ពេល​យើង​ផ្លាស់ប្ដូរ​ពាក្យ​គន្លឹះ។ វា​មិន​បាន​បង្កើត​ទំព័រ​លទ្ធផល​សម្រាប់​ពាក្យ​គន្លឹះ​រួច​ជាមុន​ទេ តែ​វា​បង្កើត​ទំព័រ​ទាំង​នោះ​ដោយ​ផ្អែក​លើ​សំណើ​ដែល​វា​ទទួល​បាន​ម្ដងៗ។

គុណសម្បត្តិ

  • មាន​ភាព​បត់បែន
  • អាច​បង្កើត​កម្មវិធី​វេប​ស្មុគស្មាញ
  • បម្រើ​ដល់​ធុរកិច្ច​និង​ប្រព័ន្ធ​ដំណើរការ​គ្រប់គ្រង​របស់​ស្ថាប័ន
  • ងាយស្រួល​ក្នុង​ការ​គ្រប់គ្រង​មាតិកា
  • ផ្លាស់ប្ដូរ​មាតិកា​ដោយ​មិន​ចំណាយ​ពេល​យូរ
  • ផ្ដល់​ទំព័រ​ទៅ​តាម​តម្រូវការ​របស់​អ្នក​ប្រើប្រាស់

គុណវិបត្តិ

  • ចំណាយ​ថវិកា​ច្រើន​គួរសម (ឬ​លើសលប់)
  • ត្រូវការ​ម៉ាស៊ីនបម្រើ​ដែល​មាន​ល្បឿន​លឿន (អាស្រ័យ​ទៅ​តាម​ប្រភេទ​កម្មវិធី​វេប)
  • អាច​មាន​ល្បឿន​យឺត ប្រសិន​បើ​មាន​ការ​រៀបចំ​ស្មុគស្មាញ
  • ត្រូវ​គិតគូរ​ឲ្យ​បាន​ម៉ត់ចត់​អំពី​សុវត្ថិភាព ជា​ពិសេស​ប្រសិន​បើ​កម្មវិធី​វេប​នោះ​បម្រើ​ការ​គ្រប់គ្រង​ព័ត៌មាន​សំខាន់ៗ

ចុះ​តើ​ត្រូវ​ប្រើ​មួយណា? មែន​ទែន​ទៅ បើ​និយាយ​ឲ្យ​ងាយ​បំផុត​នោះ ក្នុង​ការងារ​ជាក់ស្ដែង គេ​ប្រើ​វា​ទាំង​ពីរ​បូក​បញ្ចូល​គ្នា។

How Internet Works

បន្ថែម​នៅ​លើ​ផ្នែក «ទិដ្ឋភាពទូទៅ» នេះ​ជា​ការ​ពន្យល់​តាម​រូប​មួយ​ទៀត​ជា​គំនូរ​ត្លុក។ មើល​រូប​នេះ​ហើយ សាកល្បង​បកស្រាយ​វា​ទៅ​មើល៍!

How Internet Works, Vladstudio, 2009
How Internet Works, Vladstudio, 2009, http://www.vladstudio.com/wallpaper/?how_internet_works

ផ្អាក​បន្តិច – សាកល្បង​គិត​និង​រំឭក​អំពី​ចំណុច​គោលៗ​នៅ​ក្នុង​មេរៀន​មួយ​នេះ ហើយ​សាកល្បង​បកស្រាយ​វា​ទៅ​តាម​ការ​នឹក​ឃើញ​និង​ការ​ចងចាំ។ ធ្វើ​បែប​នេះ អ្នក​អាច​ជួយ​អភិវឌ្ឍ​ការ​ចងចាំ​និង​ការ​យល់​អំពី​មេរៀន​នីមួយៗ។

សេចក្ដី​សន្និដ្ឋាន

ទាំងអស់​នេះ​គឺ​ជា​ការ​ណែនាំ​ខ្លះៗ​អំពី​ការ​អភិវឌ្ឍ​វេប។ វា​មិន​ទាន់​គ្រប់គ្រាន់​នៅ​ឡើយ​ទេ ពីព្រោះ​បើ​សរសេរ​ទាំងអស់ វា​ត្រូវការ​ពេល​វេលា​ច្រើន ហើយ​អាច​នឹង​ហួស​ពី​ទំហំ​មេរៀន។ ខ្ញុំ​បាន​ព្យាយាម​តម្រឹម​យក​ត្រឹម​មួយ​សមល្មម ឲ្យ​អ្នក​អាច​ដឹង​ត្រួសៗ​អំពី​និយមន័យ​និង​រឿងរ៉ាវ​មួយ​ចំនួន​នៅ​ក្នុង​ផ្នែក​នេះ ហើយ​ប្រាប់​គោលៗ​ដើម្បី​ឲ្យ​អ្នក​អាច​សិក្សា​ស្រាវជ្រាវ​បន្ថែម​ទៀត។

មុន​បញ្ចប់​ការ​អាន​មេរៀន​នេះ និង​ដើម្បី​បន្ថែម​ចំណេះ​ដឹង​ទៅ​លើ​ផ្នែក​នេះ ខ្ញុំ​ចង់​ឲ្យ​អ្នក​សាកល្បង​សិក្សា​ខ្លួនឯង​បន្ថែម​ទៀត​ទៅ​លើ​ចំណុច​មួយ​ចំនួន​ទៀត​ដូចជា (អាច​មាន​ចំណុច​ខ្លះ វា​ជ្រៅ)៖

  • Hosting server
  • DNS server
  • Domain name
  • TCP/IP
  • Hypertext Transfer Protocol (HTTP)
  • HTTP Secure
  • File Transfer Protocol (FTP)

បើ​មាន​ចម្ងល់​ឬ​យោបល់​ផ្សងៗ​នៅ​ក្នុង​មេរៀន​នេះ សូម​សរសេរ​នៅ​ខាង​ក្រោម។ ខ្ញុំ​នឹង​ព្យាយាម​ឆ្លើយតប​តាម​តែ​អាច​ធ្វើ​ទៅ​បាន។ ជួប​គ្នា​នៅ​សប្ដាហ៍​ក្រោយ!

3 Replies to “[WDC101] មេរៀន​ទី១៖ ការ​ណែនាំ​អំពី​ការ​អភិវឌ្ឍ​វេប”

    1. បាទ ក៏អរគុណ​ដែរ​ចំពោះ​ការ​អាន។ វា​មិន​ជា​ក្បោះក្បាយ​អី​ដែរ គ្រាន់តែ​ត្រួសៗ​ប៉ុណ្ណោះ​ឯង។

  1. ខ្ញុំមិនសូវចេះ តែអានយល់ និងចូលចិត្ត អរគុណច្រើនៗសម្រាប់ការចែករំលែក (Y) 🙂

Leave a Reply