ដំណោះស្រាយ​ចំពោះ​ការ​លុប “ចន្លោះ​មិន​ឃើញ” នៅ​ក្នុង WP 4.5

កាលពី​យប់​មិញ ពេល​កំពុង​រៀបចំ​ប្លក់​របស់​ខ្ញុំ​ឡើង​វិញ ខ្ញុំ​ក៏​ធ្វើ​បច្ចុប្បន្នភាព WordPress ឲ្យ​ឡើង​ទៅ 4.5 ស្រាប់តែ​ពេល​ខ្ញុំ​សាកល្បង​សរសេរ​អត្ថបទ​ថ្មី វា​ក៏​លុប​ចន្លោះ​មិន​ឃើញ ឬ Zero-width space (ZWSP) ដែល​ត្រូវ​ប្រើ​ក្នុង​អក្សរ​ខ្មែរ​ដើម្បី​បញ្ជាក់​ដែន​ពាក្យ។ ការ​លុប​នេះ តាម​ពិត​ទៅ មិនមែន​បណ្ដាល​មក​ពី WordPress នោះ​ទេ តែ​គឺមកពី TinyMCE ដែល​ជា Visual Editor របស់ WordPress។ ការណ៍​នេះ​ធ្លាប់​កើត​មាន​ម្ដង​ហើយ​កាល​ពី​បួន​ឆ្នាំ​មុន គឺ​ចាប់​ពី TinyMCE 3.4.7 ហើយ​បាន​ដក​វា​ចេញ​នៅ​កំណែ 3.5.5។ ខ្ញុំ​ក៏​ធ្លាប់​បាន​លើក​យក​បញ្ហា​នេះ​ទៅ​ពិភាក្សា​នៅ​ខាង WordPress ដែរ​នៅ​ពេល​នោះ។

ការ​លុប​នេះ វា​កើត​មាន​ឡើង​ជា​ថ្មី​ចាប់ពី TinyMCE 4.3.0 ហើយ WordPress 4.5 វា​ប្រើប្រាស់ 4.3.8។ ដូច្នេះ​ហើយ កាល​ណា​យើង​សរសេរ​អត្ថបទ​ដោយ​ប្រើ​អក្សរ​ខ្មែរ​និង​ចន្លោះ​មិន​ឃើញ​នៅ​ក្នុង WordPress 4.5 នោះ​ចន្លោះ​មិន​ឃើញ​នឹង​ត្រូវ​បាន​លុប​ចោល​នៅ​ពេល​វា​ធ្វើ​ការងារ​សម្អាត (clean task)។

ខ្ញុំ​បាន​ចូល​ទៅ​ពិនិត្យ​និង​ផ្ទៀងផ្ទាត់​កូដ​ដើម​របស់​វា ហើយ​ក៏​បាន​ដក​កូដ​បន្តិចបន្តួច​ចេញ ដើម្បី​ដោះស្រាយ​ជា​បណ្ដោះ​អាសន្ន​តែ​ប៉ុណ្ណោះ

ដំណោះស្រាយ

  1. ខ្ញុំ​បាន​ផ្គុំ (build) វា​ឡើង​ម្ដង​ទៀត ដើម្បី​កុំ​ឲ្យ​វា​លុប​ចន្លោះ​មិន​ឃើញ។ ទាញយក​ឯកសារ​ថ្មី​នៅ​ទីនេះ​សម្រាប់ WP 4.54.5.2
  2. រលា tinymce.min.js ចេញ​ពី zip ហើយ​យក​ទៅ​ដាក់​នៅ WP_ROOT/wp-includes/js/tinymce។ អ្នក​អាច​ប្រើ​កម្មវិធី FTP ផ្សេងៗ​ដូចជា FileZilla។ល។ ដើម្បី​យក​ទៅ​ដាក់​នៅ​ក្នុង Server។
  3. ព្យាយាម​លុប cache នៅ​ក្នុង browser។

នេះ​គ្រាន់តែ​ជា​ដំណោះស្រាយ​បណ្ដោះ​អាសន្ន​ប៉ុណ្ណោះ ហើយ​ប្រសិន​ណា​បើ​ធ្វើ​បច្ចុប្បន្នភាព WordPress ទៅ​ពេល​ក្រោយ​ទៀត នោះ​វា​អាច​នឹង​ត្រឡប់​មក​ធម្មតា​វិញ គឺ​ការ​លុប​ចន្លោះ​មិន​ឃើញ​នៅ​តែ​មាន​ដដែល។

ពេល​នេះ​ខ្ញុំ​ព្យាយាម​ទាក់ទង​ទៅ​ខាង​អ្នក​អភិវឌ្ឍ TinyMCE ដើម្បី​រក​ដំណោះស្រាយ​អចិន្ត្រៃយ៍​មួយ​ដែល​មិន​ប៉ះពាល់​ដល់​កូដ​ដទៃ​របស់​គេ។ នៅ​ក្នុង​កូដ​ដើម គេ​បាន​បញ្ជាក់​ថា ZWSP នេះ​គឺ​ជា BOM (Byte order mark) តែ​បើ​តាម​ខ្ញុំ​អាន​អត្ថបទ​មួយ​ចំនួន ឃើញ​ថា ZWSP ដែល​មាន​លេខ​កូដ \u200b មិនមែន​ជា BOM នោះ​ទេ។ BOM មាន​តែ \uFEFF ប៉ុណ្ណោះ។

2 Replies to “ដំណោះស្រាយ​ចំពោះ​ការ​លុប “ចន្លោះ​មិន​ឃើញ” នៅ​ក្នុង WP 4.5”

Leave a Reply