គម្រោង​ស៊េរី​មេរៀន​អំពី​ការ​អភិវឌ្ឍ​វេប

វេប (Web) បច្ចុប្បន្ន​ជា​ទីកន្លែង​មួយ​សម្រាប់​តភ្ជាប់​មនុស្ស​ពី​គ្រប់​មជ្ឈដ្ឋាន ឲ្យ​អាច​ទាក់ទង​គ្នា​បាន​យ៉ាង​ងាយស្រួល ដោយ​អភិវឌ្ឍ​កម្មវិធី​វេប​តែ​មួយ​លើក​ប៉ុណ្ណោះ។ ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​នៅ​កម្ពុជា វេប​ក៏​បាន​ក្លាយ​ជា​ទី​ចាប់អារម្មណ៍​របស់​និស្សិត​ព័ត៌មានវិទ្យា​ស្ទើរតែ​គ្រប់ៗ​គ្នា។ មាន​សៀវភៅ​មួយ​ចំនួន​​បាន​បោះពុម្ព​ជា​ភាសាខ្មែរ​និយាយ​អំពី​ការ​អភិវឌ្ឍ​វេប ប៉ុន្តែ​ក៏​មិន​ទាន់​អាច​ថា​សម្បូរ​និង​គ្រប់គ្រាន់​នោះ​ទៅ បើ​តាម​ការ​គិត​របស់​ខ្ញុំ។ ដូច្នេះ​ហើយ ដើម្បី​រួម​ចំណែក និង​ដោយ​ក្ដី​ពេញ​ចិត្ត​ក្នុង​ការ​ចែករំលែក​ចំណេះ​ដឹង ខ្ញុំ​ក៏​រៀបចំ​គម្រោង​មួយ​នេះ​ឡើង។

បញ្ហា & ការ​យល់ឃើញ

ការ​រៀន​ធ្វើ​វេប​ជា​លើក​ដំបូង (កាលបើ​មិន​ចេះ​សោះ) បើ​មើល​តែ​សៀវភៅ វា​ហាក់​មាន​ការ​លំបាក ពីព្រោះ​វា​ត្រូវការ​មាន​ឧទាហរណ៍​ជាកូដ​ផង និង​ជា​ឧទាហរណ៍​ជា​រូបរាប​ជាក់ស្ដែង​ផង ដែល​វា​ប្រសើរ​ជាង​ឃើញ​ត្រឹម​រូបភាព​ផ្ដិត​នៅ​លើ​ក្រដាស​សៀវភៅ។ ដោយ​មើល​ឃើញ​បញ្ហា​មួយ​នេះ​ហើយ ទើប​ខ្ញុំ​សម្រេច​ចិត្ត​រៀបចំ​ជា​ស៊េរី​មេរៀន​ជា​មូលដ្ឋាន​សម្រាប់​អ្នក​ចង់​រៀន​ធ្វើ​វេប ឲ្យ​បាន​យល់​ច្បាស់​អំពី​រឿង​សំខាន់​នានា ដើម្បី​ជា​ទុន​សម្រាប់​ការ​រៀន​ទៅ​កម្រិត​ខ្ពស់ៗ​បន្ត​ទៀត។

ក្រៅពី​ចំណុច​មួយ​នេះ ខ្ញុំ​ធ្លាប់​ត្រូវ​សិស្ស​ប្អូន​និង​មិត្តភក្ដិ​មួយ​ចំនួន​សួរ​យោបល់​អំពី​ការ​អភិវឌ្ឍ​វេប។ ដោយ​ខ្ញុំ​មិនមាន​ឯកសារ​ជា​ភាសាខ្មែរ​សម្រាប់​ពួកគេ ខ្ញុំ​មានតែ​ដាច់​ចិត្ត​រក​ជា​ភាសាអង់គ្លេស។ ក៏ប៉ុន្តែ​អ្នក​អាច​នឹង​ដឹង​ថា ភាសា​នៅ​ក្នុង​មុខ​ជំនាញ​នីមួយៗ វា​តែងតែ​ខុស​គ្នា ហើយ​កម្រិត​នៃ​ការ​ចេះ​ភាសាអង់គ្លេស ក៏​មិនមែន​គ្រប់គ្នា​សុទ្ធតែ​ចេះ​ខ្លាំង​ដែរ។ អ៊ីចឹង​ហើយ ទើប​ខ្ញុំ​សន្សំ​ចិត្ត​ថា​នឹង​រៀបចំ​ឯកសារ​ជា​ភាសាខ្មែរ​នេះ​ឡើង ជាពិសេស​នោះ​គឺ​ការ​ពង្រឹង​មូលដ្ឋានគ្រឹះ​ឲ្យ​បាន​រឹងមាំ។

តាមរយៈ​បទពិសោធ​បីបួន​ឆ្នាំ​នៅ​ក្នុង​ជំនាញ​អភិវឌ្ឍ​វេប ខ្ញុំ​គិត​ថា​ខ្ញុំ​គួរ​តែ​ចែករំលែក​វា​នៅ​លើ​អ៊ីនធឺណិត (ជា​ភាសាខ្មែរ) ព្រោះ​វា​ងាយ​ចូល​មើល និង​ទុក​ជា​ឯកសារ​ទៅ​ថ្ងៃ​ក្រោយ​សម្រាប់​អ្នក​ដែល​ចង់​សិក្សា​អំពី​ការ​អភិវឌ្ឍ​វេប។ ហេតុ​ដូច្នេះ​ហើយ​ទើប​ខ្ញុំ​រៀបចំ​គម្រោង​ស៊េរី​មេរៀន​នេះ​ឡើង។ គោលបំណង​ធំ​នៅ​ក្នុង​ស៊េរី​មេរៀន​នេះ មិនមែន​ត្រឹមតែ​ឲ្យ​អ្នក​ចេះ​ធ្វើ​វេបសាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ខ្ញុំ​ក៏​នឹង​បង្ហាញ​គន្លឹះ និង​តិកណិក​ផ្សេងៗ​ទៀត ឲ្យ​អ្នក​ក្លាយ​ទៅ​ជា​អ្នក​អភិវឌ្ឍ​វេប​ម្នាក់​ដែល​លម្អិត​ទៅ​លើ​ចំណុច​សំខាន់ៗ ដើម្បី​អាច​អភិវឌ្ឍ​វេបសាយ​ទៅ​ក្នុង​កម្រិត​មួយ​ដែល​គេ​អាច​ទទួល​ស្គាល់​បាន។ អូ៎! ខ្ញុំ​ក៏​មិនមែន​ជា​អ្នក​ជំនាញ​អី​ដែរ។ 😉

ការ​រៀន & មាតិកា

ស៊េរី​មេរៀន​នេះ​ត្រូវ​រៀបចំ​ឡើង​សម្រាប់​អ្នក​មិន​ចេះ​សោះ ឬ​ក៏​ចេះ​ខ្លះៗ​ពី​មុន​ហើយ។ មេរៀន​នីមួយៗ​នឹង​មាន​ឧទាហរណ៍​ជាក់ស្ដែង​ជា​កូដ​និង​ជា​លទ្ធផល​ផ្ទាល់ ដែល​អ្នក​រៀន​អាច​យក​ទុក​ជា​ឯកសារ​ទៅ​ពេល​ក្រោយ និង​សម្រាប់​មើល​ជា​សេចក្ដី​យោង។

សរុប​មេរៀន​អាច​មាន​លើស​ពី​៩​មេរៀន (មិន​អាច​ប្រាប់​ប្រាកដ​បាន ព្រោះ​ខ្ញុំ​ធ្វើ​បណ្ដើរ និង​គិត​រក​អ្វី​ថ្មីៗ​បណ្ដើរៗ)។ មេរៀន​ទាំងនេះ​នឹង​ពិភាក្សា​លើ​ចំណុច​សំខាន់ៗ រួម​ទាំង​រឿង​តូចៗ​ដទៃ​ទៀត​ដែល​អ្នក​មិន​គួរ​មើល​រំលង។

  1. ការ​ណែនាំ​អំពី​ការ​អភិវឌ្ឍ​វេប (Web Development)
  2. ចំណុច​មួយ​ចំនួន​ដែល​គួរ​យក​ចិត្ត​ទុកដាក់
  3. លក្ខណៈ​ទូទៅ​នៃ​វេបសាយ​មួយ
  4. ការណែនាំ HTML
  5. ការណែនាំ CSS
  6. ការណែនាំ JavaScript
  7. ត្រួសៗ​អំពី Server-side Scripting Language
  8. ឯកសារ​ពិគ្រោះ​ដទៃ​ទៀត
  9. អនុវត្តន៍៖ បង្កើត​វេបសាយ​អង្គការ​ការពារ​ធម្មជាតិ

ស៊េរី​មេរៀន​នេះ​ផ្ដោត​សំខាន់​លើ​មូលដ្ឋានគ្រឹះ លើ​ផ្នែក​ដំបូង​របស់​វេប (HTML, CSS, JavaScript)។

កាលបរិច្ឆេទ​ផ្សាយ

ដោយ​សារ​តែ​ខ្ញុំ​មមាញឹក​នឹង​កិច្ចការ​សាលា​ផង​និង​ការងារ​ផង ខ្ញុំ​នឹង​មិន​អាច​ចេញ​ផ្សាយ​អត្ថបទ​បាន​ជាប់ៗ​គ្នា​នោះ​ទេ។ ដូច្នេះ​ហើយ ខ្ញុំ​នឹង​ផ្សាយ​មេរៀន​ថ្មីៗ​នៅ​រៀងរាល់​មួយ​សប្ដាហ៍​ម្ដង។ ហើយ​មេរៀន​ខ្លះ​ក៏​នឹង​ត្រូវ​បំបែក​ចេញ​ជា​ភាគៗ។ ខ្ញុំ​នឹង​ចាប់ផ្ដើម​ផ្សាយ​អត្ថបទ​ចាប់​ពី​ពាក់​កណ្ដាល​ខែ​ឧសភា។

តម្រូវការ​ជាមុន

  • មិន​ទាន់​ចេះ​វេប តែ​ចេះ​សរសេរ​កូដ​ខ្លះ​ហើយ
  • ធ្លាប់​បាន​ដឹង​ខ្លះៗ​អំពី​ការ​អភិវឌ្ឍ​វេប
  • មាន​ចិត្ត​ចង់ចេះ​ចង់​ដឹង 🙂

សេចក្ដី​បញ្ចប់

ខ្ញុំ​រំពឹង​ថា​គម្រោង​ស៊េរី​មេរៀន​នេះ នឹង​ក្លាយ​ទៅ​ជា​ឯកសារ​តូច​មួយ​សម្រាប់​អ្នក​ដែល​ចង់​អភិវឌ្ឍ​ខ្លួន​នៅ​ក្នុង​ជំនាញ​វេប ហើយ​ខ្ញុំ​ក៏​រំពឹង​ថា​មេរៀន​អស់​ទាំងនេះ​នឹង​ជួយ​អ្នក​ទាំងអស់​គ្នា​លើស​ពី​ត្រឹមតែ​ចេះ​សរសេរ​កូដ

ប្រសិនបើ​ខ្ញុំ​សរសេរ​ទៅ​មាន​កំហុស​ត្រង់ណា​មួយ​នោះ សូម​អ្នក​ទាំងអស់គ្នា​បញ្ចេញ​មតិ​យោបល់​នៅ​ក្នុង​មេរៀន​នោះ។ ខ្ញុំ​ទទួល​យក​គ្រប់​មតិ​កែលម្អ​ទាំងអស់។ 🙂

Leave a Reply